ក្រសួងកសិកម្មផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ចំពោះបទល្មើស
AKPភ្នំពេញ ថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០២៦– ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីបើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ចំពោះបទល្មើសនឹងច្បាប់ស្តីពីជលផល ។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិម្មបានថ្លែងបញ្ជាក់នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ថា ក្រសួងកសិកម្ម នៅតែបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍន៍ធនធានជលផល ប្រកបដោយនិរន្តរភាព ផ្អែកលើការអនុវត្តច្បាប់ជាចំបង ដែលបាននាំឱ្យផលនេសាទមានការកើនឡើងគួរឱ្យកត់សម្គាល់។

ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋានជលផល រួមជាមួយកងកម្លាំងប្រដាប់អាវុធ រដ្ឋបាលថ្នាក់ក្រោមជាតិ សមត្ថកិច្ចពាក់ព័ន្ធ សហគមន៍នេសាទ និងការចូលរួមរបស់មហាជន ក្នុងការបង្ក្រាបបទល្មេីសនេសាទខុសច្បាប់ ដែលជាការរួមចំណែកដ៏សំខាន់នៃការកើនឡើងនេះ។

ឯកឧត្តម ឌិត ទីណា ក៏បានគូសបញ្ជាក់អំពីសមិទ្ធផលក្នុងការការពារ ការអភិរក្ស និងគ្រប់គ្រងធនធានជលផលកម្រ ដោយក្នុងរយៈពេលជិតមួយឆ្នាំកន្លះនេះ យើងមិនមានអត្រាសត្វផ្សោតទន្លេមេគង្គស្លាប់ដោយសារបទល្មើសនេសាទឡើយ ក៏ដូចការវិលត្រឡាប់នៃសត្វជ្រូកទឹក សត្វផ្សោតក្បាលត្រឡោក និងសត្វផ្សោតឃ្លាច មកដែនសមុទ្រនៃប្រទេសកម្ពុជាផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមថាការអនុវត្តនិងផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ចំពោះបទល្មេីសនឹងច្បាប់ស្តីពីជលផលនេះ ដែលរៀបចំឡើងដោយផ្អែកលើមូលដ្ឋានវិទ្យាសាស្រ្ត និងការសិក្សាច្បាស់លាស់លើការវិវត្តន៍នៃផលស្តុកជលផល គឺនឹងជួយបន្ថែមក្នុងការធានាសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងធនធានធម្មជាតិ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីបានលើកទឹកចិត្តដល់អង្គពិធីចូលរួមផ្សព្វផ្សាយច្បាប់ស្តីពីជលផល សំដៅលើកកម្ពស់ការយល់ដឹងដល់ប្រជាពលរដ្ឋ ឱ្យគោរពច្បាប់ទាំងអស់គ្នា ដេីម្បីធនធានជលផលកម្ពុជា៕
ដោយ៖ មករា





