ចិនគាំទ្រកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់
AKP ភ្នំពេញ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ -- ដើម្បីឆ្លើយតបទៅនឹងការចុះហត្ថលេខាថ្មីៗនេះលើអនុស្សរណៈនៃការយោគយល់គ្នារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក គូ ជៀគុន បាននិយាយកាលពីថ្ងៃពុធថា ប្រទេសចិនតែងតែគាំទ្រជំហរដ៏យុត្តិធម៌និងមិនលំអៀង ហើយគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងទាំងអស់ដែលអំណោយផលដល់សន្តិភាព។
លោក គូ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយនៅទីក្រុងប៉េកាំងថា ទីក្រុងប៉េកាំងគាំទ្រអ៊ីរ៉ង់ក្នុងការការពារអធិបតេយ្យភាពសន្តិសុខ និងសេចក្តីថ្លៃថ្នូរជាតិរបស់ខ្លួន និងក្នុងការកែលម្អទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសឈូងសមុទ្រ និងប្រទេសនៅក្នុងតំបន់។
លោកបាននិយាយថា «ប្រទេសចិនមានឆន្ទៈបន្តផ្តល់ជំនួយតាមរបៀបរបស់ខ្លួន និងដើរតួនាទីស្ថាបនាក្នុងការស្តារសន្តិភាព និងស្ថិរភាពដល់តំបន់នេះឡើងវិញឱ្យបានឆាប់»។
លោកបានកត់សម្គាល់ថា អនុស្សរណៈនៃការយោគយល់គ្នារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ជាការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរឱ្យគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់គ្នាទៅវិញទៅមក ដោយចៀសវាងសកម្មភាពយោធាណាមួយ និងជៀសវាងការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក។
លោកបានបន្ថែមថា «នេះជាការបញ្ជូនសញ្ញាវិជ្ជមានទៅកាន់ពិភពខាងក្រៅ ដែលគួរតែត្រូវបានគាំទ្រ និងអនុវត្តរួមគ្នា»៕





