សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាជំរុញការងាររដ្ឋបាល និងលើកកម្ពស់សុខុមាលភាពអតីតយុទ្ធជន និងនិវត្តជននៅខេត្តបន្ទាយមានជ័យឱ្យកាន់តែប្រសើរ
AKP បន្ទាយមានជ័យ ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២៦--ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការផ្តល់សេវា និងការថែទាំអតីតយុទ្ធជននិងនិវត្តជននៅមូលដ្ឋានឱ្យកាន់តែល្អប្រសើរ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលស្តីពី «ការងាររដ្ឋបាល និងការងារបេឡាមរណៈសង្គ្រោះ» ជូនថ្នាក់ដឹកនាំសមាគមខេត្ត ស្រុក-ក្រុង និងសាខាឃុំ-សង្កាត់ទូទាំងខេត្តបន្ទាយមានជ័យ។ វគ្គបណ្តុះបណ្តាលនេះ បានប្រារព្ធធ្វើឡើងកាលពីរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំ «ក» សាលាខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុក ឃ្នួច អគ្គលេខាធិការរងសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។
តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការនៃសមាគម ឯកឧត្តមបានសង្កត់ធ្ងន់លើសារៈសំខាន់នៃវគ្គបណ្តុះបណ្តាលនេះថា គឺជា «ឆ្អឹងខ្នង» នៃការកែលម្អការងារសមាគមនៅថ្នាក់មូលដ្ឋាន។

ឯកឧត្តម អគ្គលេខាធិការរង បានណែនាំដល់សិក្ខាកាមទាំងអស់ថាការងារបេឡាមរណៈសង្គ្រោះ គឺជាបេសកកម្មដ៏ពិសិដ្ឋ និងមានចរិតលក្ខណៈមនុស្សធម៌ខ្ពស់បំផុត។ មន្ត្រីថ្នាក់មូលដ្ឋាន ត្រូវមានភាពស្មោះត្រង់ យកចិត្តទុកដាក់ខ្ពស់ និងរហ័សរហួន ក្នុងការអនុវត្តន៍បែបបទរដ្ឋបាល ដើម្បីធានាថា អតីតយុទ្ធជន ឬក្រុមគ្រួសារសព ទទួលបានការឧបត្ថម្ភទាន់ពេលវេលាដោយគ្មានភាពយឺតយ៉ាវ។ ឯកឧត្តម បានបន្ថែមថា រាល់ការងាររដ្ឋបាលត្រូវតែអនុវត្តតាមគោលការណ៍ត្រឹមត្រូវ មានតម្លាភាព និងគណនេយ្យភាព ដើម្បីរក្សាបាននូវកិត្យានុភាពរបស់សមាគម។
ឯកឧត្តម អ៊ុក ឃ្នួច មានប្រសាសន៍ទៀតថា កាលពីមុន អ.ន.ក. តាមថ្នាក់នីមួយៗគឺគ្រប់គ្រងសមាជិកសមាគមតែលើអតីតយុទ្ធជន និងគ្រួសារប៉ុណ្ណោះ ប៉ុន្តែចាប់ពីពេលនេះតទៅ គឺយើងត្រូវគ្រប់គ្រងស្ថិតិ បញ្ជីឈ្មោះ ក៏ដូចជាការចុះជួបដោយផ្ទាល់ដល់គេហដ្ឋានរបស់សមាជិកសមាគមមានទាំងអតីតយុទ្ធជន និងនិវត្តជនដែលជាអតីតមន្ត្រីរាជការស៊ីវិលផងដែរ។ ក្នុងន័យនេះដើម្បីងាយស្រួលក្នុងការអនុវត្តការងារ ងាយស្រួលក្នុងការគ្រប់គ្រងសមាជិក ក៏ដូចជាការដឹងសុខទុក្ខរបស់សមាជិកនៅថ្នាក់មូលដ្ឋានរបស់ខ្លួនឱ្យកាន់តែល្អប្រសើរ។
គណៈអចិន្ត្រៃយ៍ អ.ន.ក. សូមធ្វើណែនាំដល់គណៈកម្មាធិការ អ.ន.ក.ខេត្ត ក្រុង ស្រុក និងសាខា អ.ន.ក. ឃុំ សង្កាត់ ទាំងអស់ត្រូវចុះធ្វើស្រង់ទិន្នន័យសមាជិកសមាគម ទាំងអតីតយុទ្ធជន និងនិវត្តជន ដើម្បីចងក្រងធ្វើជាសៀវភៅសម្រាប់តម្កល់នៅថ្នាក់ឃុំចំនួន ១ក្បាល, ថ្នាក់ក្រុង ស្រុកចំនួន១ក្បាល, ថ្នាក់ខេត្តចំនួន ១ក្បាល និងនៅគណៈអចិន្ត្រៃយ៍ អ.ន.ក. ចំនួន ១ក្បាល ដើម្បីងាយស្រួលទំនាក់ទំនងជាមួយសមាជិក។
ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានលើកឡើងពីតួនាទីយ៉ាងសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរដែនដី និងសមាគម។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា រដ្ឋបាលខេត្តតែងតែចាត់ទុកសុខទុក្ខរបស់អតីតយុទ្ធជនជាអាទិភាព។
ឯកឧត្តម អ៊ុំ រាត្រី បានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ មិនត្រឹមតែជួយពង្រឹងសមត្ថភាពមន្ត្រីយើងក្នុងការងាររដ្ឋបាលប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសញ្ញាណនៃការពង្រឹងទំនាក់ទំនងរវាងសមាគម និងអាជ្ញាធរមូលដ្ឋាន ដើម្បីក្តាប់ឱ្យជាប់រាល់កង្វល់របស់អតីតយុទ្ធជនឱ្យបានទាន់ពេលវេលា ជាពិសេសការចុះសួរសុខទុក្ខ និងការជួយដោះស្រាយបញ្ហាជីវភាពជូនពួកគាត់។
វគ្គបណ្តុះបណ្តាលនេះ ត្រូវបានគេមើលឃើញថា ជាការបោះជំហានមួយដ៏សំខាន់ ក្នុងការរៀបចំប្រព័ន្ធគ្រប់គ្រងសមាជិកសមាគមឱ្យកាន់តែទំនើប និងមានប្រសិទ្ធភាព។ ការពង្រឹងការងារបេឡាមរណៈសង្គ្រោះ ត្រូវបានចាត់ទុកថាជាយន្តការធានារ៉ាប់រងផ្នែកស្មារតី និងសម្ភារៈដ៏សំខាន់ សម្រាប់លើកទឹកចិត្តដល់អតីតយុទ្ធជនដែលបានបូជាកម្លាំងកាយចិត្តការពារជាតិមាតុភូមិ។
សូមបញ្ជាក់ថា ក្រៅពីការចូលរួមពីថ្នាក់ដឹកនាំសមាគមខេត្ត ក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាលក្រុង-ស្រុក អធិការនគរបាល និងមេឃុំ-ចៅសង្កាត់ទូទាំងខេត្ត ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់ស្ថាប័នពាក់ព័ន្ធក្នុងការដោះស្រាយបញ្ហានានាជូនអតីតយុទ្ធជននិងនិវត្តជនឱ្យបានជោគជ័យ៕
ដោយ ឈុន សារ៉ាត





