លោក ទេព កោសល្យត្រូវបានប្រកាសឱ្យចូលកាន់មុខតំណែង ជាប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តតាកែវថ្មី ជំនួសប្រធានចាស់ដែលត្រូវចូលនិវត្តន៍
AKP តាកែវ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦-- រដ្ឋបាលខេត្តតាកែវ បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែង លោក ទេព កោសល្យ អនុប្រធានមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តតាកែវ ជាប្រធានមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តតាកែវថ្មី ជំនួស លោក ស្រី សារឿន ដែលត្រូវចូលនិវត្តន៍។ពិធីនេះរៀបចំឡើងនៅសាលប្រជុំធំរដ្ឋបាលខេត្តតាកែវ កាលពីព្រឹកថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦។អញ្ជើញជាអធិបតីក្នុងពិធីនោះរួមមាន ឯកឧត្តម ខាយ ឃុនហេង រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍,ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ, ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី អភិបាលរងខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការពាក់ព័ន្ធ ។
ឯកឧត្តម ខាយ ឃុនហេង រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានថ្លែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តតាកែវ នាពេលកន្លងមក ព្រមទាំងបានផ្តល់ប្រសាសន៍ណែនាំ និងផ្តាំផ្ញើដល់លោកប្រធានមន្ទីរថ្មី ត្រូវបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ ព្រមទាំងត្រូវខិតខំខ្នះខ្នែងលើកកម្ពស់គុណភាពសេវាប្រៃសណីយ៍ និងជំរុញការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ពិសេសការពង្រីកសេវាអ៊ីនធឺណិត ឱ្យកាន់តែមានប្រសិទ្ធភាព និងគ្របដណ្តប់ទូទាំងខេត្ត ដើម្បីចូលរួមចំណែកយ៉ាងសកម្មក្នុងការធ្វើបរិវត្តកម្មឌីជីថល(Digital Transformation) ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។
ជាមួយគ្នានោះដែរ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ក៏បានសម្តែងនូវការអបអរសាទរចំពោះ លោក ទេព កោសល្យ និងបានផ្តាំផ្ញើដល់លោកប្រធានមន្ទីរថ្មី ត្រូវបង្កើនកិច្ចសហការជិតស្និទ្ធជាមួយរដ្ឋបាលខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់។ត្រូវយកចិត្តទុកដាក់ពង្រីក ការតបណ្ដាញគមនាគមន៍នៅក្នុងខេត្ត ដើម្បីបង្កភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ ប្រើប្រាស់សេវាទូរស័ព្ទនិងអ៊ីនធឺណែត។ពិសេសវាផ្ដល់ភាពងាយស្រួលដល់អ្នកវិនិយោគ ឱ្យទាក់ទងគ្នាក្នុងការបញ្ជាទិញទំនិញពីក្រៅប្រទេស។
ឯកឧត្តម វ៉ី សំណាង ក៏បានធ្វើការណែនាំដល់លោកប្រធានមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តតាកែវថ្មី ត្រូវទប់ស្កាត់ការលក់ស៊ីមទូរស័ព្ទដោយគ្មានអត្តសញ្ញាណប័ណ្ណ និងត្រូវសហការជាមួយអាជ្ញាធរក្រុង-ស្រុកឱ្យបានល្អ ពាក់ព័ន្ធទៅនឹងការប្រើប្រាស់អ៊ីនធឺណែត(Internet) នៅតាមមូលដ្ឋាន។ហើយប្រសិនបើការប្រើប្រាស់សេវាInternet ច្រើនលើសកំណត់ឬមានបញ្ហាមិនប្រក្រតីណាមួយ ត្រូវចុះទៅពិនិត្យមើលដល់ទីតាំង ក្រែងមានបញ្ហាប្រព្រឹត្តបទល្មើស Scam Online។ព្រោះការប្រព្រឹត្តបទល្មើស Scam Online វាពាក់ព័ន្ធទៅនឹងការប្រើប្រាស់សេវា Internet ៕
តាកែវ អ៊ុច សៀង





