កម្ពុជាគាំទ្រម៉ាឡេស៊ីក្នុងការជំរុញការប្រើប្រាស់បណ្តាញសង្គមប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវនៅអាស៊ាន
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦–កម្ពុជាបានបង្ហាញជំហរគាំទ្រចំពោះម៉ាឡេស៊ី ក្នុងការដឹកនាំរៀបចំ “គោលការណ៍ណែនាំស្តីពីការប្រើប្រាស់បណ្តាញសង្គមប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវសម្រាប់អាស៊ាន” ដែលជាឯកសារយោងដ៏សំខាន់សម្រាប់ជំរុញបរិយាកាសឌីជីថលប្រកបដោយសុវត្ថិភាព ជំនឿទុកចិត្ត បរិយាបន្ន និងភាពធន់របស់ប្រជាជនអាស៊ាន។
ក្នុងឱកាសពិភាក្សាលើរបៀបវារៈពាក់ព័ន្ធនៃកិច្ចប្រជុំឧត្តមមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ានលើកទី២៣ កម្ពុជាបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះម៉ាឡេស៊ី ដែលបានដឹកនាំដំណើរការរៀបចំគោលការណ៍នេះ តាមរយៈការពិគ្រោះយោបល់យ៉ាងទូលំទូលាយជាមួយរដ្ឋសមាជិកអាស៊ាន និងភាគីពាក់ព័ន្ធនានា។ កម្ពុជាចាត់ទុកថា គោលការណ៍នេះឆ្លុះបញ្ចាំងពីស្មារតីរួមរបស់អាស៊ាន ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមថ្មីៗនៅលើបណ្តាញសង្គម ដោយរក្សាសមតុល្យរវាងសុវត្ថិភាពអ្នកប្រើប្រាស់ ការទទួលខុសត្រូវរបស់វេទិកាឌីជីថល និងការគោរពលក្ខខណ្ឌជាតិរបស់រដ្ឋសមាជិកនីមួយៗ។


កម្ពុជាបានគាំទ្រចំពោះវិធីសាស្ត្រដែលមានតុល្យភាពរបស់គោលការណ៍នេះ ជាពិសេសលើសសរស្តម្ភសំខាន់ៗ រួមមាន ការរៀបចំក្របខណ្ឌគ្រប់គ្រង ការអប់រំ និងការលើកកម្ពស់ការយល់ដឹង ការពង្រឹងកិច្ចសហប្រតិបត្តិការ និងការធានាឱ្យគោលការណ៍នេះមានភាពបត់បែន និងអាចសម្របខ្លួនទៅនឹងការវិវត្តនៃបច្ចេកវិទ្យា។ ជាមួយគ្នានេះ កម្ពុជាបានចែករំលែកបទពិសោធន៍ជាតិ តាមរយៈយុទ្ធនាការ “និយាយទេ ចំពោះព័ត៌មានក្លែងក្លាយ” ដែលផ្តោតលើការលើកកម្ពស់ការយល់ដឹងសាធារណៈ ការផ្ទៀងផ្ទាត់ព័ត៌មានមុនពេលចែករំលែក និងឥរិយាបថប្រកបដោយការទទួលខុសត្រូវនៅលើបណ្តាញសង្គម។ នៅកម្រិតអនុតំបន់ កម្ពុជាក៏បានជំរុញគំនិតផ្តួចផ្តើម “Zero Fake News” ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដោយផ្តោតលើការកសាងសមត្ថភាព ការផ្លាស់ប្តូរបទពិសោធន៍ កិច្ចសហប្រតិបត្តិការផ្ទៀងផ្ទាត់ព័ត៌មាន និងការអប់រំសាធារណៈ។


កម្ពុជាបានបញ្ជាក់ថា បញ្ហាប្រឈមលើបណ្តាញសង្គម ដូចជា ព័ត៌មានមិនពិត ការបោកប្រាស់តាមអនឡាញ មាតិកាបង្កគ្រោះថ្នាក់ សុវត្ថិភាពកុមារលើអនឡាញ និងការប្រើប្រាស់បញ្ញាសិប្បនិម្មិតក្នុងការបង្កើតព័ត៌មានបំភាន់ ជាបញ្ហាឆ្លងដែនដែលទាមទារកិច្ចសហប្រតិបត្តិការរួម។ ដូច្នេះ កម្ពុជាគាំទ្រការពង្រឹងការចែករំលែកចំណេះដឹង ការកសាងសមត្ថភាព និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រួមទាំងរដ្ឋាភិបាល វេទិកាបណ្តាញសង្គម សង្គមស៊ីវិល និងអ្នកប្រើប្រាស់។
កម្ពុជាក៏បានលើកទឹកចិត្តឱ្យការអនុវត្តគោលការណ៍នេះនៅពេលខាងមុខ បន្តមានលក្ខណៈជាក់ស្តែង បត់បែន និងស្ម័គ្រចិត្ត ដោយគោរពភាពខុសគ្នានៃបរិបទជាតិ ក្របខណ្ឌច្បាប់ និងកម្រិតអភិវឌ្ឍន៍ឌីជីថលរបស់រដ្ឋសមាជិកអាស៊ាននីមួយៗ។
កម្ពុជាបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយម៉ាឡេស៊ី និងរដ្ឋសមាជិកអាស៊ានទាំងអស់ ដើម្បីជំរុញប្រព័ន្ធអេកូឡូស៊ីឌីជីថលដែលមានសុវត្ថិភាព ទទួលខុសត្រូវ ផ្តោតលើប្រជាជន និងរួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ាន៕
ដោយ៖ គង់ សិរីរ័ត្ន





