ឯកឧត្តម អឿង ចន្ថា ដឹកនាំក្រុមការងារចុះពិនិត្យទីតាំងសំណើគម្រោងសិក្សាប្រភពទឹក ដើម្បីគាំទ្រដល់វិស័យទឹកស្អាត ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦-- ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦បានអញ្ជើញដឹកនាំក្រុមការងារគម្រោង ចុះពិនិត្យទីតាំងសំណើគម្រោងសិក្សាប្រភពទឹក ដើម្បីគាំទ្រដល់វិស័យទឹកស្អាត ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។
ក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ ក្រុមការងារធនាគារពិភពលោក និងតំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានជួបពិភាក្សា និងស្វែងយល់ពីព័ត៌មានសំខាន់ៗជាមួយក្រុមការងារបច្ចេកទេស និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង់ ដើម្បីវាយតម្លៃស្ថានភាពជាក់ស្តែង។ ក្រុមការងារក៏បានបន្តចុះពិនិត្យដោយផ្ទាល់នូវស្ថានភាពទីតាំងអាងទឹកបឹងបាដក់ ស្ថិតក្នុងឃុំតាប៉ុន ស្រុកស្ទឹងសង្កែ ខេត្តបាត់ដំបង។


ឯកឧត្តមអនុរដ្ឋលេខាធិការបានឱ្យដឹងថា គោលបំណងនៃដំណើរចុះបេសកកម្មនេះ គឺដើម្បីសិក្សាស្វែងយល់ពីស្ថានភាពបច្ចុប្បន្ននៃអាងទឹក និងចំណាប់អារម្មណ៍របស់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងតំបន់ផងដែរ។ ក្រុមការងារក៏បានជួបសំណេះសំណាលដោយផ្ទាល់ជាមួយអាជ្ញាធរមូលដ្ឋាន ព្រមទាំងបងប្អូនប្រជាពលរដ្ឋដែលកំពុងទទួលផល ដើម្បីទទួលបាននូវធាតុចូលបន្ថែមក្នុងការសិក្សាគម្រោងឱ្យមានប្រសិទ្ធភាព៕


ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម)





