មន្ទីរកសិកម្មខេត្តកំពង់ស្ពឺបើកសិក្ខាសាលាពង្រឹងសមត្ថភាពសហគមន៍កសិកម្ម និងការផ្គូផ្គងអាជីវកម្ម
AKP កំពង់ស្ពឺ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦-- ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ សមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងវប្បធម៌ និងជាប្រធានវិទ្យាស្ថានចិននៃរាជបណ្ឌិត្យសភាកម្ពុជា លោក យឹម ណន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ បានអញ្ជើញបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពី ការពង្រឹងសមត្ថភាពសហគមន៍ សហភាពសហគមន៍កសិកម្ម ធុរកិច្ចកសិកម្ម និងផ្គូរផ្គងអាជីវកម្មខេត្តកំពង់ស្ពឺ ដោយសិក្ខាសាលានេះត្រូវបានរៀបចំឡើងនៅសាលប្រជុំនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងមានការអញ្ជើញចូលរួមពី ប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត តំណាងរដ្ឋបាលក្រុង/ស្រុកទាំង៩ តំណាងធនាគារ អង្គការដៃគូអភិវឌ្ឍន៍ តំណាងម្ចាស់ក្រុមហ៊ុន និងវិស័យឯកជន សរុបអ្នកចូលរួមទាំងអស់ប្រមាណជា ១៥០នាក់។

ក្នុងឱកាសនោះ លោក យឹម ណន ប្រធានមន្ទីរ បានបញ្ជាក់ថា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ បានសម្របសម្រួល និងរៀបចំឱ្យមាននូវសិក្ខាសាលាបណ្តុះបណ្តាលនេះឡើង ដើម្បីបង្កលក្ខណៈងាយស្រួលដល់តំណាងសហគមន៍កសិកម្ម សហភាពសហគមន៍កសិកម្ម គម្រោងកម្មវិធីអង្គការដៃគូអភិវឌ្ឍន៍ ក្រុមហ៊ុន ធនាគារ និងវិស័យឯកជននានា បានជួបជុំគ្នាជជែកពិភាក្សា ចែករំលែកនូវវិធីសាស្ត្រ និងបទពិសោធន៍ជោគជ័យក្នុងអាជីវកម្មកសិកម្ម ឬធុរកិច្ចកសិកម្ម ក៏ដូចជាការផ្គូផ្គងអាជីវកម្មពាក់ព័ន្ធវិស័យកសិកម្ម។

ជាមួយគ្នានោះផងដែរ លោក យឹម ណន បានសង្កត់ធ្ងន់ថា ដើមទុនផលិតកម្មក៏ជាលក្ខខណ្ឌតម្រូវដ៏ចាំបាច់មួយផងដែរ ដែលទាមទារឱ្យសហគមន៍កសិកម្មត្រូវស្វែងរកប្រភពទុនបន្ថែម ពីធនាគារជាដៃគូ ដើម្បីយកមកប្រើប្រាស់ក្នុងការអនុវត្ត និងពង្រីកទំហំអាជីវកម្មកសិកម្មរបស់ខ្លួនឱ្យកាន់តែរីកចម្រើន និងទាន់ពេលវេលា។

លោកប្រធានមន្ទីរបានបន្តថា វិស័យកសិកម្មបច្ចុប្បន្ន មិនមែនពឹងផ្អែកតែលើការដាំដុះ និងការប្រមូលផលនោះទេ ប៉ុន្តែទាមទារជាចាំបាច់នូវការយល់ដឹងពីខ្សែច្រវាក់តម្លៃ ការគ្រប់គ្រងអាជីវកម្ម និងការស្វែងរកដៃគូពាណិជ្ជកម្ម ដើម្បីធានាបាននូវនិរន្តរភាពទីផ្សារ និងបង្កើនប្រាក់ចំណូលជូនបងប្អូនកសិករ។ តាមរយៈសិក្ខាសាលានេះ លោកសង្ឃឹមយ៉ាងមុតមាំថា សហគមន៍កសិកម្ម និងវិស័យឯកជន នឹងអាចបង្កើតបាននូវកិច្ចសហការកសិកម្មកិច្ចសន្យាថ្មីៗបន្ថែមទៀត ដែលជាកាតាលីករដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ចខេត្តកំពង់ស្ពឺឱ្យកាន់តែរីកចម្រើន។

ទន្ទឹមនឹងនេះ លោកប្រធានមន្ទីរក៏បានជំរុញដល់បងប្អូនប្រជាសហគមន៍ទាំងអស់ត្រូវខិតខំពង្រឹងសមត្ថភាពគ្រប់គ្រងផ្ទៃក្នុង ធានាឱ្យបាននូវគុណភាពផលិតផល និងបរិមាណផ្គត់ផ្គង់ឱ្យស្របតាមតម្រូវការទីផ្សារ។ លោកក៏បានអំពាវនាវដល់ក្រុមហ៊ុន វិស័យឯកជន ក៏ដូចជាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដៃគូទាំងអស់ សូមបន្តជួយគាំទ្រ សម្របសម្រួលដល់ការទទួលបានដើមទុន និងបង្កើតការផ្គូផ្គងអាជីវកម្មក្នុងតម្លៃសមរម្យ ដើម្បីរួមគ្នាកសាងខ្សែច្រវាក់ផលិតកម្មកសិកម្មនៅក្នុងខេត្តកំពង់ស្ពឺ ឱ្យកាន់តែមានការរីកចម្រើន និងមាននិរន្តរភាពប្រកបដោយបរិយាបន្ន។

ក្នុងឱកាសនោះ គណៈអធិបតី និងអ្នកចូលរួមទាំងអស់ ក៏បានអញ្ជើញពិនិត្យផលិតផលធាតុចូលដែលបានកំពុងផលិតនៅខេត្តកំពង់ស្ពឺ ដែលបានយកមកដាក់បង្ហាញ បង្ហាញពីសក្តានុពលកសិកម្មក្នុងមូលដ្ឋាន និងស្វែងរកឱកាសចាប់ដៃគូពាណិជ្ជកម្មផងដែរ៕
ដោយ៖ ម៉ែន ប៊ុនធីម





