អាស៊ានពង្រឹងកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ-បច្ចេកវិទ្យា ដើម្បីកំណើនប្រកបដោយចីរភាព
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ -- កិច្ចប្រជុំលើកទី២០ នៃក្រុមប្រឹក្សាភិបាលទីប្រឹក្សាគណៈកម្មាធិការអាស៊ាន ស្តីពីវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ (BAC-20) បានធ្វើឡើងនៅទីក្រុងវៀងចន្ទន៍កាលពីដើមសប្តាហ៍នេះ ដោយបានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងក្នុងតំបន់ដើម្បីទាញយកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។
កិច្ចប្រជុំនេះត្រូវបានដឹកនាំដោយលោកវេជ្ជបណ្ឌិត ឃែរុល រីហ្សាល់នាយកទីភ្នាក់ងារស្រាវជ្រាវ និងនវានុវត្តន៍ជាតិឥណ្ឌូណេស៊ី និងជាប្រធានក្រុមប្រឹក្សា BAC និងលោក កៀងកាយ អូនម៉ានី អនុប្រធានមជ្ឈមណ្ឌលតំបន់សម្រាប់ការអភិវឌ្ឍការអប់រំសហគមន៍របស់អង្គការរដ្ឋមន្ត្រីអប់រំអាស៊ីអាគ្នេយ៍ ក្រោមក្រសួងអប់រំ និងកីឡាឡាវ ព្រមទាំងមានការចូលរួមពីអ្នកតំណាងមកពីរដ្ឋសមាជិកអាស៊ាន និងភាគីពាក់ព័ន្ធផ្សេងទៀត។
អ្នកចូលរួមបានពិនិត្យមើលឡើងវិញនូវវឌ្ឍនភាព ស្តីពីគំនិតផ្តួចផ្តើមសំខាន់ៗ ក្រោមលទ្ធផលសេដ្ឋកិច្ចអាទិភាព (PEDs) របស់គណៈកម្មាធិការអាស៊ាន ស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (COSTI) សម្រាប់ឆ្នាំ២០២៥ និងឆ្នាំ២០២៦។ កិច្ចពិភាក្សាបានគ្របដណ្តប់លើសមិទ្ធផលនៃដំណាក់កាលទី II នៃគម្រោង ASEAN Tech Startup Ignite ដែលបង្ហាញដោយប្រទេសម៉ាឡេស៊ី ក៏ដូចជាវឌ្ឍនភាពទៅលើសេចក្តីព្រាងសេចក្តីប្រកាសអាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យនវានុវត្តន៍ បច្ចេកវិទ្យានិងវិទ្យាសាស្ត្រអវកាស។
គណៈប្រតិភូក៏បានពិនិត្យមើលទៅលើការរៀបចំសម្រាប់ដំណាក់កាលទីមួយនៃផែនការសកម្មភាពក្នុងតំបន់ ស្តីពីបញ្ញាសិប្បនិម្មិតក្នុងការថែទាំសុខភាព ដែលគ្រោងនឹងធ្វើឡើងសម្រាប់ឆ្នាំ២០២៦ និងដឹកនាំរួមគ្នាដោយប្រទេសឡាវ និងហ្វីលីពីនផងដែរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





