មីយ៉ាន់ម៉ាបិទស៊ីមកាតទូរស័ព្ទជាង១៤០.០០០ ដែលជាប់ពាក់ព័ន្ធនឹងល្បែងតាមអនឡាញ
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ -- អាជ្ញាធរមីយ៉ាន់ម៉ា បានបិទស៊ីមកាតទូរស័ព្ទចំនួន១៤៣.៤០៩ ដែលសង្ស័យថាមានទំនាក់ទំនងជាមួយសកម្មភាពល្បែងតាមអនឡាញ។ នេះបើយោងតាមការលើកឡើងរបស់មន្ត្រីមីយ៉ាន់ម៉ាកាលពីពេលថ្មីៗនេះ។
ស៊ីមកាតទាំងនោះត្រូវបានបិទជាអចិន្ត្រៃយ៍រវាងខែមីនា ឆ្នាំ២០២៥ និងខែឧសភា ឆ្នាំ២០២៦ បន្ទាប់ពីអាជ្ញាធរបានរកឃើញថា ស៊ីមកាតទាំងនោះត្រូវបានប្រើប្រាស់ដើម្បីចែកចាយសារដូចគ្នាបេះបិទមួយចំនួនធំដែលផ្សព្វផ្សាយល្បែងតាមអនឡាញ។
អាជ្ញាធរមូលដ្ឋានបានផ្អាកស៊ីមកាតចំនួន១.១២០ ដែលប្រើសម្រាប់ដំណើរការគណនីហិរញ្ញវត្ថុខុសច្បាប់ ដែលភ្ជាប់ទៅនឹងសកម្មភាពល្បែងអនឡាញ ខណៈដែលបានបិទគណនីកាបូបអេឡិចត្រូនិចជាង១.០០០ជាអចិន្ត្រៃយ៍ ដែលជាប់ទាក់ទងនឹងបណ្តាញល្បែងតាមអនឡាញ។
លើសពីនេះទៀត ចន្លោះខែមករា ឆ្នាំ២០២៥ និងខែមេសា ឆ្នាំ២០២៦អាជ្ញាធរមីយ៉ាន់ម៉ាបានរារាំងការចូលទៅកាន់គេហទំព័រ និងកម្មវិធីល្បែងអនឡាញចំនួន១០២ តាមរយៈការរឹតបន្តឹងអាសយដ្ឋាន IP។ ក្រៅពីវិធានការបច្ចេកទេស វិធានការផ្លូវច្បាប់ក៏ត្រូវបានធ្វើឡើងប្រឆាំងនឹងតួអង្គ អ្នកមានឥទ្ធិពលលើប្រព័ន្ធផ្សព្វផ្សាយសង្គម (KOLs) និងបុគ្គលផ្សេងទៀត ដែលពាក់ព័ន្ធនឹងការផ្សព្វផ្សាយសកម្មភាពល្បែងតាមអនឡាញផងដែរ៕





