ពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាលរងខេត្តព្រះវិហារ
AKP ព្រះវិហារ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦-- ឯកឧត្តម អ៊ុ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តព្រះវិហារ ដោយមានការចូលរួមពីឯកឧត្ដម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងលោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ មន្ត្រីរាជការ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុ ម៉ារ៉ា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធខេត្តព្រះវិហារទាំងអស់ ដែលបានខិតខំរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងអភិវឌ្ឍន៍ខេត្តឱ្យមានការរីកចម្រើន។

ទន្ទឹមនឹងនោះ ឯកឧត្តមបានផ្តាំផ្ញើដល់លោកអភិបាលរងខេត្តដែលទើបតែងតាំងថ្មី ត្រូវយកចិត្តទុកដាក់ខ្ពស់លើការងារដឹកនាំ បង្កើនការសហការ និងត្រូវចុះជួបដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យបានទាន់ពេលវេលា សំដៅរួមចំណែកសម្រេចឱ្យបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕

ដោយ ទិត ស្រ៊





