ឯកឧត្តម សុខ លូ ប្រគល់ផ្ទះមនុស្សធម៌ទី២៥ មួយខ្នង ជូនលោកយាយ អាយុ៩៩ឆ្នាំ នៅស្រុកសង្កែ
AKP បាត់ដំបង ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦-- ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងលោកជំទាវ ម៉េត រ៉ាវីចិត្រ សុខ លូ អនុប្រធានកិត្តិយសសាខាកាបាទក្រហមកម្ពុជា ខេត្តបាត់ដំបង នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ផ្ទះមនុស្សធម៌ទី២៥ ជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ជូនដល់លោកយាយ ទេស ប្រាង្គ អាយុ ៩៩ឆ្នាំ មានជំងឺរ៉ាំរៃ មានជីវភាពក្រីក្រខ្លាំង មានកូនមានជំងឺរ៉ាំរៃ មានសមាជិកគ្រួសារសរុប ១៥នាក់ ស្រី៥នាក់ និងចែកអំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត មានចាស់ជរា ជនមានពិការភាព គ្រួសារទីទ័លក្រ ចំនួន៥០គ្រួសារ មកពី៥ភូមិក្នុងឃុំតាប៉ុន ពិធីនេះបានប្រារព្ធឡើងនៅផ្ទះលេខលេខទី២៥ ស្ថិតនៅភូមិតាប៉ុន ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។

ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា បានសំណេះសំណាល និងពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹក និងក្តីអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅជូនចំពោះម្ចាស់ផ្ទះថ្មី ក៏ដូចជាលោកយាយ លោកតា និងប្រជាពលរដ្ឋទាំងអស់ដែលបានមកចូលរួមអបអរសាទរនាពេលនេះពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរខ្ពស់បំផុតចំពោះសុខទុក្ខរបស់បង-ប្អូនប្រជាពលរដ្ឋគ្រប់រូបប្រកបដោយភាពកក់ក្ដៅ និងស្និទ្ធស្នាលបំផុត ដោយមិនប្រកាន់វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ពោល ស្របតាមទិសស្លោកថា "កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល" និង "ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា"។

ឯកឧត្តមក៏បានផ្តាំផ្ញើដល់គ្រួសារទទួលផលទាំងអស់ សូមថែរក្សាមរតកដ៏មានតម្លៃដែលពុំអាចកាត់ថ្លៃបានទាំងនេះ ឱ្យបានគង់វង្សឋិតឋេរយូរអង្វែងសម្រាប់កូនចៅតទៅមុខទៀត ព្រមទាំងបានក្រើនរំលឹកពីការគិតគូរចំពោះសុខភាព ការរក្សាអនាម័យ សម្អាតបរិស្ថាន។

ជាកិច្ចឆ្លើយតប លោក ឌុល ស ត្រូវជាកូន និងក្នុងនាមក្រុមគ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានគិតគូរនិងជួយឧបត្ថម្ភជាបន្តបន្ទាប់ ជាពិសេសផ្ទះថ្មី១ខ្នង ដែលមិននឹកស្មានដល់ថានឹងមានជម្រកយ៉ាងសមរម្យស្រស់ស្អាតបែបនេះទេ។

ជាមួយគ្នានេះដែរក៏មានការចែកអំណោយមនុស្សធម៌ជូនគ្រួសារងាយរងគ្រោះបំផុត មានគ្រួសារចាស់ជរា ជនមានពិការភាព គ្រួសារទីទល័ក្រចំនួន ៥០គ្រួរសារដែលរស់នៅភូមិផងរបងជាមួយទទួលបានអង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ ទឹកបរិសុទ្ធ៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង)





