គណៈកម្មការទី២ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុងដើម្បីរៀបចំប្រតិទិនការងារត្រៀមពិនិត្យសេចក្តីព្រាងច្បាប់ថវិកាជាតិ
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦--ឯកឧត្តម ឈាង វុន ប្រធានគណៈកម្ម ការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា (គណៈកម្មការទី២) នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០ ២៦ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន២ ក្នុងគោលបំណងរៀបចំផែន ការការងារឆ្ពោះទៅរកការពិនិត្យ និងអនុម័តច្បាប់ហិរញ្ញវត្ថុជាតិ។

របៀបវារៈសំខាន់ៗទាំង២ ដែលត្រូវបានលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំនោះ រួមមាន៖
១. ការរៀបចំសិក្ខាសាលាស្តីពីគោលន យោបាយម៉ាក្រូសេដ្ឋកិច្ច៖ ពិភាក្សាលើប្រតិទិនការងារ នៃការត្រៀមរៀបចំសិក្ខាសាលា ដើម្បីស្វែងយល់ពីការកសាងក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ។ សិក្ខាសាលានេះ គឺជាជំហានគន្លឹះមួយក្នុងការប្រមូលព័ត៌មាន និងទិន្នន័យចាំបាច់ សម្រាប់ជាមូលដ្ឋានគ្រឹះក្នុងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧ ខាងមុខ។

២. ការរៀបចំកិច្ចប្រជុំអន្តរស្ថាប័នលើសេចក្តីព្រាងច្បាប់ថវិកា៖ ពិភាក្សាលើប្រតិទិនការងារ នៃការត្រៀមរៀបចំកិច្ចប្រជុំរួមគ្នាមួយ រវាងគណៈកម្មការទី២ នៃរដ្ឋសភា តំណាងគណៈកម្មការជំនាញនានានៃរដ្ឋសភា និងអាជ្ញាធរសវនកម្មជាតិ ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កិច្ចប្រជុំអន្តរស្ថាប័ននេះ នឹងធ្វើឡើងដើម្បីពិនិត្យ និងពិភាក្សាឱ្យបានស៊ីជម្រៅលើសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ និងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧។

កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលជាផ្លែផ្កា ក្រោមការចូលរួមយ៉ាងផុសផុលពីសំណាក់ ឯកឧត្តមអនុប្រធាន លោកជំទាវលេខាធិការ ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាគណៈកម្មការ ព្រមទាំងមន្ត្រីជំនួយការអមគណៈកម្មការទី២ នៃរដ្ឋសភាទាំងអស់ ដើម្បីរួមគ្នាកំណត់ទិសដៅការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕

ដោយ៖ ប៊ុនរិទ្ធ, ប្រភព៖ រដ្ឋសភា





