ប្រធានក្រុមប្រឹក្សាស្រុកស្ទោង ជំរុញដល់អាណាព្យាបាលឱ្យយកចិត្តទុកដាក់ដល់ជោគវាសនាអនាគតកូនចៅខ្លួនដោយផ្ដើមចេញពីការអប់រំ និងចៀសឱ្យឆ្ងាយពីគ្រឿងញៀន
AKP កំពង់ធំ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦--លោក ឡាយ ស៊ីលី ប្រធានក្រុមប្រឹក្សាស្រុកស្ទោង បានជំរុញដល់អាណាព្យាបាលឱ្យយកចិត្តទុកដាក់ដល់ជោគវាសនាអនាគតកូនចៅខ្លួន ដោយផ្ដើមចេញពីការអប់រំ និងចៀសឱ្យឆ្ងាយពីគ្រឿងញៀន។ លោក ឡាយ ស៊ីលី បានធ្វើការជំរុញដូច្នេះនៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមព្រឹក្សាស្រុកស្ទោងអាណត្តិទី៤ ឆ្នាំ២០២៦ នៅក្នុងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំនាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។

លោកប្រធានក្រុមប្រឹក្សាបានសង្កត់ធ្ងន់ថា កាលណាកូនចៅប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានមានចំណេះដឹងជ្រៅជ្រះគឺជាចំណែកមួយដ៏សំខាន់ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន ជាអ្នកជំនាញបច្ចេកទេសនានា ជាពិសេសស្របតាមបរិបទបម្រែបម្រួលអាកាសធាតុសកលនិងបរិបទបច្ចេកវិទ្យាទំនើបឌីជីថល។

ទន្ទឹមនឹងនេះ ការអប់រំនិងតាមដានរាល់សកម្មភាពកូនចៅរបស់ខ្លួនបានជាប់ជាប្រចាំលើការសិក្សារៀនសូត្រទាំងនៅក្នុងសាលារៀននៅគេហដ្ឋាន គឺជាកត្តាមួយដែលជំរុញការសិក្សារៀនសូត្ររបស់ខ្លួនឱ្យបានទទួលជោគជ័យហើយមិនពាក់ព័ន្ធគ្រឿងញៀន។ លើសពីនេះត្រូវចេះតាមដានអង្កេតរាល់សកម្មភាពរបស់កូនចៅខ្លួនហើយប្រសិនបើ មានសកម្មភាពសង្ស័យឬមិនប្រក្រតីណាមួយត្រូវរាយការណ៍ជូនសមត្ថកិច្ចដើម្បីជួយអប់រំណែនាំ ឬបន្សាបតាមបច្ចេកទេស។

រាល់បញ្ហាសំណូមពរ ឬតម្រូវការផ្សេងៗដែលប្រជាពលរដ្ឋបានលើកឡើង ហើយអាជ្ញាធរនៅក្នុងវេទិកានេះពុំទាន់បានដោះស្រាយឬឆ្លើយតបជូនឱ្យបានត្រឹមត្រូវនិងទាន់ពេលវេលា ព្រោះកិច្ចការខ្លះហួសពីដែនសមត្ថកិច្ច ដែលទាមទារនូវពេលវេលាជាក់ស្ដែងនិងថវិកាគាំទ្រថែមទៀត។ លោកប្រធានក្រុមប្រឹក្សាបានគាំទ្រពេញទំហឹង ជំរុញរកកិច្ចការទាំងនេះជូនទៅថ្នាក់លើឬសមត្ថកិច្ចពាក់ព័ន្ធដើម្បីជួយសម្របសម្រួលនិងដោះស្រាយជូនជាបន្តបន្ទាប់។

លោក ឡាយ ស៊ីលី ប្រធានក្រុមប្រឹក្សាស្រុកស្ទោង បានសំណូមពរដោយទទូចដល់អាជ្ញាធរ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ត្រូវរួបរួមសហការគ្នាក្នុងការដោះស្រាយបញ្ហានៅចំពោះមុខហើយបងប្អូនប្រជានេសាទចូលរួមថែរក្សាការពារមច្ឆជាតិ និងគោរពច្បាប់ស្ដីពីការនេសាទឱ្យបានត្រឹមត្រូវ មិនត្រូវប្រើឧបករណ៍នេសាទខុសច្បាប់ ឬប្រាសចាកពិការអអនុញ្ញាតដោយច្បាប់ឡើយ៕
ដោយ ស៊ុម វណ្ណា





