ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង អញ្ជើញពិនិត្យការងារជួសជុលផ្លូវនៅស្រុកឱរ៉ាល់ និងស្រុកភ្នំស្រួច
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦--ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃអង្គារ៍ ទី២៣ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំក្រុមការងាររបស់គម្រោង RRIP III ចុះពិនិត្យការងារជួសជុលផ្លូវគម្រោងចំនួន ១ខ្សែ ប្រវែង ២៥,៩១គ.ម. ស្ថិតក្នុងស្រុកឱរ៉ាល់ និងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងដំណាក់កាលធានាសុពលភាព ( Defect Notification Period) ដែលអនុវត្តកិច្ចសន្យាសាងសង់ដោយក្រុមហ៊ុន Ilsung។

ក្រុមការងារបានចុះពិនិត្យវឌ្ឍនភាពជួសជុលផ្លូវ និងជួបប្រជុំជាមួយភាគីពាក់ព័ន្ធនៅសាលាស្រុកភ្នំស្រួច ដើម្បីពិនិត្យ និងពិភាក្សាអំពីបញ្ហា ការប្រឈម និងកំណត់វិធានការដោះស្រាយ សំដៅជំរុញការងារជួលជុលផ្លូវអាចបញ្ចប់បានឆាប់រហ័ស និងប្រកដោយគុណភាព។

ជាលទ្ធផល ក្រុមការងារបានពិនិត្យឃើញថា ក្រុមហ៊ុនបាននិងកំពុងជំរុញការងារជួសជុល និងកែតម្រូវរាល់ចំណុចខ្វះខាតទាំងឡាយដែលបានណែនាំដោយក្រុមការងារគម្រោងនាពេលកន្លងមក ដោយសម្រេចវឌ្ឍនភាពជួសជុលជារួមប្រមាណជា ៧០%៕


ដោយ៖ ពេជ្រ សំអឿន(ប្រភព៖ ក្រសួងអភិវឌ្ឍន៍ជនបទ)





