ក្រសួងអប់រំនឹងរៀបចំផលិតវីដេអូពីវិធីសាស្ត្របង្រៀនភាសាបារាំង
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦--ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំផលិតវីដេអូពីវិធីសាស្ត្របង្រៀនភាសាបារាំង ដែលគម្រោងនេះត្រូវបានលើកយកមកដាក់ក្នុងកិច្ចប្រជុំពិភាក្សា នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។

បន្ទាប់ពីបានពិភាក្សា និងផ្លាស់ប្ដូរមតិយោបល់គ្នារួចមក ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ណែនាំដល់ក្រុមការងារពាក់ព័ន្ធ ត្រូវបន្តសហការគ្នាជាមួយក្រុមការងារជំនាញក្នុងការរៀបចំកិច្ចដំណើរការផលិតវីដេអូវិធីសាស្ត្របង្រៀននេះឱ្យមានលក្ខណៈជាប្រព័ន្ធល្អ និងច្បាស់លាស់ ដើម្បីសម្រេចបានលទ្ធផលប្រកបដោយគុណភាពខ្ពស់ ពិនិត្យមើលទិន្នន័យស្ថិតិជាក់ស្ដែងនៃថ្នាក់ពីរភាសា ដើម្បីជាមូលដ្ឋានក្នុងការរៀបចំសៀវភៅបង្រៀនភាសាបារាំងឱ្យបានច្បាស់លាស់ គួបផ្សំជាមួយការជ្រើសរើសលោកគ្រូ អ្នកគ្រូដែលមានជំនាញគរុកោសល្យ និងបទពិសោធន៍ខ្ពស់ក្នុងការសម្របសម្រួលខ្លឹមសារមេរៀន ដើម្បីលើកកម្ពស់គុណភាពនៃការបង្រៀន និងរៀនភាសាបារាំងឱ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់សិស្សានុសិស្ស ក្នុងបរិវត្តកម្មអប់រំឌីជីថល។

សូមជម្រាបថា ការពិនិត្យលទ្ធភាពក្នុងការរៀបចំផលិតវីដេអូពីវិធីសាស្ត្របង្រៀនភាសាបារាំងនេះ មានគោលបំណង ដើម្បីលើកកម្ពស់ការសិក្សា និងការប្រើប្រាស់ភាសាបារាំងឱ្យកាន់តែមានភាពទូលំទូលាយក្នុងចំណោម សិស្សានុសិស្ស និស្សិត រួមទាំងអ្នកសិក្សាទូទៅ និងរួមចំណែកក្នុងការពង្រឹងសមត្ថភាពស្ដាប់ និយាយ អាន និងសរសេរភាសាបារាំងរបស់សិស្សានុសិស្ស តាមរយៈការបង្រៀននូវមេរៀនដែលមានភាពច្បាស់លាស់ ងាយយល់ រួមទាំងអាចអនុវត្តប្រកបដោយប្រសិទ្ធភាព ព្រមទាំងជំរុញការអភិវឌ្ឍធនធាននៃការសិក្សាភាសាបារាំង និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងវិស័យអប់រំឱ្យកាន់តែមានភាពល្អប្រសើរ៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





