ក្រសួងកិច្ចការនារី បើកសិក្ខាសាលាសហប្រតិបត្ដិការ ស្ដីពីការរៀបចំផែនការសកម្មភាពរួមសម្រាប់ផ្នែកការងារអំពើហិង្សាទាក់ទងនឹងយេនឌ័រឆ្នាំទី៤
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦--ក្រសួងកិច្ចការនារី ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីរដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធី ACCESS 2 បានរៀបចំសិក្ខាសាលាសហប្រតិបត្ដិការ ស្ដីពី «ការរៀបចំផែនការសកម្មភាពរួមសម្រាប់ផ្នែកការងារអំពើហិង្សាទាក់ទងនឹងយេនឌ័រឆ្នាំទី៤ ឆ្នាំ២០២៦-២០២៧» កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦។ សិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ហ៊ូ សាមិត្ដ រដ្ឋលេខាធិការនៃក្រសួងកិច្ចការនារី នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។ សមាសភាពអញ្ជើញចូលរួមក្នុងឱកាសនោះ រួមមានតំណាងមកពីខេត្ដគោលដៅរបស់កម្មវិធី ACCESS 2 គឺខេត្ដសៀមរាប ខេត្ដកំពង់ចាម ខេត្ដរតនគិរី និងខេត្ដកំពង់ស្ពឺ ព្រមទាំងអង្គការដៃគូសរុបចំនួន ៥៣នាក់ (ស្រី ៣៤នាក់)។

សិក្ខាសាលាសហប្រតិបត្ដិការនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗដូចជា ទី១៖ ពង្រឹងការសម្របសម្រួល និងកិច្ចសហការរវាងដៃគូរដ្ឋាភិបាល និងដៃគូអនុវត្ដជាយុទ្ធសាស្ត្រ។ ទី២៖ ព្រមព្រៀងលើទិសដៅរួមសម្រាប់ការអនុវត្ដការងារប្រឆាំងអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) ក្នុងឆ្នាំទី៤ ដោយធានាឱ្យមានការផ្គត់ផ្គងអាទិភាព តួនាទី និងវិធីសាស្រ្ដផ្ដោតការយកចិត្ដទុកដាក់លើជនរងគ្រោះ ទាំងនៅកម្រិតជាតិ និងកម្រិតក្រោមជាតិ។ ទី៣៖ លើកកម្ពស់ការបញ្រ្ជាបសមភាពយេនឌ័រ បរិយាបន្នពិការភាព និងសង្គម (GEDSI)៕


ដោយ៖ ទូច វលក័្ខណ (ប្រភព៖ ក្រសួងកិច្ចការនារី)





