ក្រសួងបរិស្ថានពិនិត្យរៀបចំបញ្ចូលតំបន់ភ្នំមួយចំនួន ក្នុងខេត្តបន្ទាយមានជ័យជាតំបន់ការពារធម្មជាតិ
AKP ភ្នំពេញ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០២៦–
ក្រសួងបរិស្ថាន បាននិងកំពុងរៀបចំដាក់បញ្ចូលតំបន់ភ្នំមួយចំនួន ក្នុងខេត្តបន្ទាយមានជ័យ ជាតំបន់ការពារធម្មជាតិ ដើម្បីអភិរក្សវប្បធម៌ ប្រវត្តិសាស្រ្ត ធម្មជាតិ ព្រៃឈើ ប្រព័ន្ធអេកូឡូស៊ី និងលើកកម្ពស់សក្ដានុពលទេសចរណ៍។

នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន ក្រសួងបរិស្ថានបានរៀបចំពិនិត្យការស្នើសុំគាំទ្រដំណើរការ រៀបចំបង្កើតតំបន់ការពារទេសភាព ឬតំបន់បេតិកភណ្ឌវប្បធម៌និងធម្មជាតិចំពោះតំបន់ភ្នំចំនួន៩ភ្នំ (តំបន់) របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន។
យោងតាមសំណើរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ក្រុមការងារបានគាំទ្រដំណើរការរៀបចំបង្កើតតំបន់ការពារធម្មជាតិ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលគ្រោងបង្កើតភ្នំចំនួន ៤ ជាតំបន់បេតិកភណ្ឌធម្មជាតិ រួមមាន ភ្នំកងវ៉ា មានផ្ទៃដីទំហំ ៥០ហិកតា, ភ្នំជ្រាប់ មានផ្ទៃដីទំហំ ៥៨,៥១ហិកតា, ភ្នំតូច មានផ្ទៃដីទំហំ ៥២,៨០ហិកតា និងភ្នំស្រេះ មានផ្ទៃដីទំហំ ២២ហិកតា។ ជាមួយគ្នានេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានស្នើតំបន់ភ្នំ ចំនួន ៥ ជាតំបន់ការពារទេសភាព គឺ៖ ភ្នំវែង មានផ្ទៃដីទំហំ ២៧០ហិកតា, ភ្នំម៉ាឡៃ មានផ្ទៃដី ទំហំ ១០៨ហិកតា, ភ្នំទឹកចេញ មានផ្ទៃដីទំហំ ២៦២,៣១៦ហិកតា, ភ្នំខ្លាកូន មានផ្ទៃដីទំហំ ៦៨ហិកតា និងភ្នំពង្រ មានផ្ទៃដីទំហំ ១៧ហិកតា។

ក្រសួងបរិស្ថានបានឱ្យដឹងដែរថាជាបន្តក្រុមការងារដែលមានមន្រ្តីជំនាញនាយកដ្ឋានបេតិកភណ្ឌធម្មជាតិ នៃអគ្គយកដ្ឋានសហគមន៍មូលដ្ឋាន និងបន្តសហការជាមួយមន្រ្តីជំនាញមកពីអគ្គនាយកដ្ឋានចំណុះក្រសួងបរិស្ថាន, បន្តចុះសហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ,អង្គការដៃគូ ដោយមានការចូលរួមពីសហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធ ប្រមូលព័ត៌មាននិងទិន្នន័យ ដែលនៅខ្វះខាត មួយចំនួនបន្ថែមទៀត ទាក់ទងទៅនឹង(សង្គម សេដ្ឋកិច្ចនៅក្នុងតំបន់), តម្លៃវប្បធម៌និងទេសចរណ៍, ទិន្នន័យវិទ្យាសាស្រ្តជីវៈចម្រុះ រុក្ខជាតិ និងសត្វ។

សូមបញ្ជាក់ថា តំបន់ការពារធម្មជាតិនៅកម្ពុជាមានចំនួន៧៣ តំបន់ គ្រប់ដណ្តប់លើផ្ទៃដីជាង ៧លាន ហ.ត ស្មើនឹងប្រមាណ៤១% នៃផ្ទៃដីប្រទេស ដែលបច្ចុប្បន្នតំបន់ការពារធម្មជាតិ ត្រូវបានបែងចែកជាប្រភេទ រួមមាន៖ឧទ្យានជាតិ មានចំនួន ០៩តំបន់ ឧទ្យានជាតិសមុទ្រមានចំនួន ០២ តំបន់ ដែនជម្រកសត្វព្រៃមានចំនួន១៨ តំបន់ តំបន់ការពារទេសភាពមានចំនួន១៤ តំបន់ តំបន់ប្រើប្រាស់ច្រើយ៉ាង មានចំនួន ១១តំបន់ តំបន់រាមសារមានចំនួន ០៥តំបន់ តំបន់បេតិកភណ្ឌធម្មជាតិ មានចំនួន១៤ តំបន់៕
ដោយ៖ មករា





