ឯកឧត្តម គង់ វិបុល ដឹកនាំកិច្ចប្រជុំពិនិត្យ ដោះស្រាយ និងពន្លឿនលំហូរឯកសារវិស័យដីធ្លី ក្នុងខេត្តកណ្តាល
AKP កណ្តាល ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦–
ដើម្បីដោះស្រាយការរាំងស្ទះទាំងឡាយ ដែលធ្វើឱ្យមានភាពយឺតយ៉ាវដល់លំហូរឯកសារដីធ្លីរបស់ប្រជាពលរដ្ឋ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំពិនិត្យ ដោះស្រាយ និងពន្លឿនលំហូរឯកសារវិស័យដីធ្លី ក្នុងភូមិសាស្ត្រខេត្តកណ្តាល។

មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានលើកឡើងថា ខេត្តកណ្តាល គឺជាខេត្តដែលមានសក្តានុពល សេដ្ឋកិច្ចខ្ពស់ ប្រជាពលរដ្ឋច្រើន និងមានភូមិសាស្ត្រព័ទ្ធជុំវិញរាជធានីភ្នំពេញ ដែលធ្វើ ឱ្យចរន្តនៃការអភិវឌ្ឍ ការវិនិយោគ និងជាពិសេសការទិញ-លក់ ផ្ទេរកម្មសិទ្ធិ ក៏ដូចជា ការស្នើសុំសេវាចុះបញ្ជីដីធ្លី តែងតែមានបរិមាណច្រើន និងមានភាពមមាញឹកយ៉ាងសកម្ម ជាប្រចាំ។
ភាពមមាញឹកនេះបានឆ្លុះបញ្ចាំងពីកំណើនសេដ្ឋកិច្ច ប៉ុន្តែទន្ទឹមគ្នានេះ វាក៏ បានបង្កើតនូវសម្ពាធ និងបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹងភាពរាំងស្ទះ និងការយឺត យ៉ាវនៃលំហូរឯកសារ រវាងអង្គភាពអនុវត្ត មានជាអាទិ៍អង្គភាពច្រកចេញចូលតែមួយខេត្ត សាខាពន្ធដារខេត្ត មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និង ការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល នៃរដ្ឋបាលក្រុង-ស្រុក។កិច្ចប្រជុំនេះ គឺរៀបចំឡើង ដើម្បីពិនិត្យស្ថានភាពជាក់ស្តែង រកឱ្យឃើញនូវចំណុចខ្វះខាត ចំណុចរាំងស្ទះ និងមូលហេតុដែលធ្វើឱ្យឯកសារដីធ្លីរបស់ប្រជាពលរដ្ឋមានភាពយឺតយ៉ាវ។ ដោះស្រាយបញ្ហាប្រឈម ដោយស្វែងរកយន្តការរួមមួយ រវាងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងសាខាពន្ធដារខេត្ត ព្រមទាំង ការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល នៃរដ្ឋបាលក្រុង-ស្រុក ដើម្បីកាត់បន្ថយនីតិវិធីស្មុគស្មាញដែលមិនចាំបាច់ និងពន្លឿនលំហូរឯកសារ ដោយដាក់ចេញនូវវិធានការមុតស្រួច និងយន្តការច្បាស់លាស់ ដើម្បីធានាថាឯកសារនីមួយៗហូរស្របតាមកាលបរិច្ឆេទកំណត់ និងមិនមានការកកស្ទះនៅមន្ត្រីណាម្នាក់ឡើយ។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានមានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និង ប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជា បានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្រោមបាវចនា “កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព” និងអាទិភាពគន្លឹះ៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” ព្រមទាំងបន្តជំរុញការអនុវត្តគោលនយោបាយ កំណែទម្រង់នានា ជាពិសេសការកែទម្រង់រដ្ឋបាលសាធារណៈ ក្នុងគោលដៅលើកកម្ពស់ គុណភាព តម្លាភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ស្រប តាមអភិក្រម «ការបម្រើសេវាសាធារណៈល្អ ប្រជាជនស្រឡាញ់»។

ឯកឧត្តម គង់ វិបុល ណែនាំដល់អង្គភាពច្រកចេញចូលតែមួយខេត្ត សាខាពន្ធដារខេត្ត មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ត្រូវសហាការគ្នាធ្វើយ៉ាងណាឱ្យលំហូរឯកសារបានយ៉ាងល្អប្រសើរ ត្រូវចាត់ទុក បញ្ហារបស់ប្រជាពលរដ្ឋ ជាបញ្ហារបស់ខ្លួនដែលត្រូវតែដោះស្រាយឱ្យខានតែបាន ក្នុងស្មារតី រួបរួមសហការគ្នា ប្រកបដោយភាពប្រទាក់ក្រឡា និងស៊ីសង្វាក់ ស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» សំដៅធ្វើយ៉ាងណាឱ្យការផ្តល់សេវាវិស័យដីធ្លីក្នុង ខេត្តកណ្តាល ក្លាយជាគំរូនៃភាពជោគជ័យ ៕
ដោយ៖ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តកណ្តាល)





