គណៈកម្មាធិការ អ.ន.ក. វិស័យព័ត៌មាន ចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូននិវត្តជនក្រសួងព័ត៌មាន
AKP ភ្នំពេញ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦--លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ក្រសួងព័ត៌មាន និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាវិស័យព័ត៌មាន (អ.ន.ក. វិស័យព័ត៌មាន) នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ នេះ បានអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខអតីតមន្ត្រីរាជការជានិវត្តជនក្រសួងព័ត៌មាន ក្នុងគោលបំណងពង្រឹងសាមគ្គីភាព និងសម្តែងការដឹងគុណ។
សកម្មភាពចុះសួរសុខទុក្ខដល់លំនៅឋាននាឱកាសនេះ ត្រូវបានធ្វើឡើងចំពោះនិវត្តជនចំនួនពីររូប រួមមាន៖ លោក ធន់ សារឹម អតីតមន្ត្រីរាជការបម្រើការងារនៅអគ្គលេខាធិការដ្ឋាន និង លោកស្រី ហួត ផល្លីន អតីតមន្ត្រីរាជការបម្រើការងារនៅអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៃក្រសួងព័ត៌មាន។

ពិធីនេះក៏មានការអមដំណើរដោយ លោកជំទាវ សន ម៉ារ៉ាដា រដ្ឋលេខាធិការ និងជាសមាជិក អ.ន.ក. វិស័យព័ត៌មាន, លោកជំទាវ ទេស ផល្លីន អគ្គលេខាធិការ និងជាប្រធានលេខាធិការដ្ឋាន អ.ន.ក. វិស័យព័ត៌មាន ព្រមទាំងលោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកាលេខាធិការដ្ឋាន អ.ន.ក. វិស័យព័ត៌មាន ជាច្រើនរូបទៀត។
ក្នុងឱកាសដ៏មានអត្ថន័យនោះ លោកជំទាវ ប្រធានកិត្តិយស បានលើកឡើងនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ប្រកបដោយសេចក្តីនឹករលឹកពីសំណាក់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាវិស័យព័ត៌មាន ដែលជានិច្ចកាល ឯកឧត្តមរដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំក្រសួង តែងតែចងចាំ និងនឹករលឹកដល់គុណបំណាច់ដ៏ធំធេងរបស់អតីតមន្ត្រីរាជការ និងនិវត្តជនទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជានាពេលកន្លងមក។

ជាមួយគ្នានោះដែរ លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ក៏បាននាំយកនូវគ្រឿងឧបភោគបរិភោគ និងថវិកាជួយឧបត្ថម្ភ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា និងលោកជំទាវ ជូនដល់និវត្តជនទាំងពីររូបផងដែរ។ បន្ថែមលើនេះ ក្រុមការងារក៏បានជូនដំណឹង និងណែនាំអំពីនីតិវិធីនៃការចុះឈ្មោះជាសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជន ដល់និវត្តជនទាំងពីររូប ក្នុងគោលបំណងផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ និងដើម្បីទទួលបានការគិតគូរយកចិត្តទុកដាក់បន្ថែមទៀតពីស្ថាប័ន។ សកម្មភាពចុះសួរសុខទុក្ខដោយផ្ទាល់នេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ពីស្មារតីយកចិត្តទុកដាក់ខ្ពស់ មនោសញ្ចេតនា និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះអតីតមន្ត្រីរាជការដែលបានបំពេញភារកិច្ចបម្រើជាតិមាតុភូមិ។

គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ក៏បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការជានិវត្តជននៃក្រសួងព័ត៌មាន សរុបចំនួន ២៥០រូប រួចមកហើយ ដែលនេះជាការគិតគូរពីសុខទុក្ខ និងរក្សាទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយអតីតបុគ្គលិកគ្រប់ជំនាន់របស់ស្ថាប័ន៕
ដោយ ទូច វលក័្ខណ (រូបភាព៖ឡុង ដេវីត , ឡាយ សារ៉ុម AKP)





