ឯកឧត្តម ជា ចំណាន ចូលរួមសិក្ខាសាលាពាក់ព័ន្ធនឹងការងារស្តារសម្បទាអ្នកញៀនគ្រឿងញៀន
AKP ភ្នំពេញ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦--នៅទីស្តីការក្រសួង នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ជា ចំណាន រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការងារស្តារសម្បទាអ្នកញៀនគ្រឿងញៀន ដែលមានការអញ្ជើញចូលរួមពីតំណាងប្រធានមន្ទីររាជធានី-ខេត្ត ប្រធានមជ្ឈមណ្ឌលជាតិ ប្រធានមជ្ឈមណ្ឌល ស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន មន្រ្តីជំនាញនៃអង្គភាពក្រោមឱវាទក្រសួង ស.អ.យ ប្រមាណជាង ២៥០នាក់។

នាឱកាសនេះ ឯកឧត្តម ជា ចំណាន បានថ្លែងថា «ភាពញៀនគ្រឿងញៀនគឺជាបញ្ហាស្មុគស្មាញ ដែលប៉ះពាល់មិនត្រឹមតែបុគ្គលប៉ុណ្ណោះទេ ថែមទាំងគ្រួសារមិត្តភក្តិ និងសង្គមទាំងមូលផងដែរ។ វាជាជំងឺដែលទាមទារការយល់ចិត្ត ការយល់ដឹង ហើយសំខាន់បំផុតគឺការព្យាបាលប្រកបដោយប្រសិទ្ធភាព។ ក្នុងនាមថ្នាក់ដឹកនាំក្រសួង ខ្ញុំដឹងយ៉ាងច្បាស់អំពីការទទួលខុសត្រូវដែលយើងត្រូវធានាថា គោលនយោបាយ និងកម្មវិធីរបស់យើងឆ្លុះបញ្ចាំងពីការអនុវត្តល្អបំផុតក្នុងវិស័យព្យាបាល និងស្តារនីតិសម្បទា»។សម្រាប់រាជ រដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្តេចបតី ហ៊ុន ម៉ាណែត បានចាត់ទុកបញ្ហាគ្រឿងញៀន ជាបញ្ហាអាទិភាពមួយក្នុងចំណោមបញ្ហាអាទិភាពមួយចំនួនទៀត ដែលត្រូវដោះស្រាយចំពោះមុខ ហើយបានបង្ហាញពីឆន្ទៈដ៏មុតស្រួចបំផុតក្នុងការកាត់បន្ថយ និងឈានទៅលុបបំបាត់ឱ្យអស់ពីកម្ពុជា ដើម្បីឆ្លើយតបទៅនឹងក្តីព្រួយបារម្ភរបស់ប្រជាពលរដ្ឋកម្ពុជាទាំងមូល។

ក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចូលការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិស្ថានគ្របដណ្តប់របស់ស្នួលនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីធានាឲ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈរបស់ប្រជាជន។ការបន្តដាក់ចេញនូវផែនការយុទ្ធនាការលើកទី១១ ក៏ដូចជាបង្កើតគណៈបញ្ជាការយុទ្ធនាការសម្រាប់ អាណត្តិថ្មីនេះ គឺជាការបង្ហាញឆន្ទៈមោះមុត និងទស្សនវិស័យច្បាស់លាស់របស់រាជរដ្ឋាភិបាល ក្នុងការកែប្រែ កម្ពុជាទៅជាប្រទេសមួយ ដែលគ្រឿងញៀនលែងជាឧបសគ្គ និងបញ្ហារបស់សង្គមជាតិ។

ឯកឧត្តម រដ្ឋលេខាធិការ បានជំរុញលើកទឹកដល់វិស័យឯកជន ក្នុងការបង្កើតមជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀននៅតាមបណ្តារាជធានី ខេត្ត បានរួមចំណែកក្នុងការដោះស្រាយបញ្ហាចង្អៀតណែនអ្នកញៀនគ្រឿងញៀន ដែលកំពុងសម្រាកព្យាបាលនៅតាមមណ្ឌលបណ្តោះអាសន្ននានា ហើយអ្នកជំងឺទាំងអស់នោះនឹងត្រូវពិនិត្យ វាយតម្លៃ ស្របតាមលក្ខខណ្ឌនៃការបញ្ជូន ដើម្បីស្នាក់នៅព្យាបាល និងស្តារនីតិសម្បទា បណ្ដុះបណ្ដាលវិជ្ជាជីវៈ បំណិនជីវិតរយៈពេលខ្លី និងមធ្យមនៅក្នុងមជ្ឈមណ្ឌល មុននឹងសមាហរណកម្មទៅក្រុមគ្រួសារ និងសហគមន៍វិញ ៕
ដោយ៖ ណយ នឿន (ប្រភព៖ក្រសួងសង្គមកិច្ច)





