កំពូលអ្នកជិះកង់ផ្សងព្រេងដើម្បីកុមារកម្ពុជា លោក ទីវ តារារិទ្ធិ មកដល់មាតុប្រទេសវិញ ក្រោយជិះកង់ជិត ៦ម៉ឺនគីឡូម៉ែត្រ ឆ្លងកាត់ ៤០ប្រទេស
AKP ភ្នំពេញ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦--កំពូលអ្នកជិះកង់ផ្សងព្រេងដ៏កម្ររបស់កម្ពុជា ដើម្បីស្វែងរកមូលនិធិជួយកុមារកម្ពុជា លោក ទីវ តារារិទ្ធិ បានវិលត្រឡប់មកដល់មាតុប្រទេសវិញហើយ កាលពីយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីបានចេញដំណើរពីមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ហើយឆ្លងកាត់ប្រទេសនៅទ្វីបអាស៊ី ទ្វីបអឺរ៉ុប និងទ្វីបអាហ្រ្វិកខាងត្បូង សរុប៤០ប្រទេស លើចម្ងាយផ្លូវ ៥ម៉ឺន៧ពាន់គីឡូម៉ែត្រ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងឱកាសមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ លោក ទីវ តារារិទ្ធិ អ្នកជិះកង់ផ្សងព្រេងដើម្បីកុមារកម្ពុជាបានគូសបញ្ជាក់ថា លោកបានចាប់ផ្ដើមបេសកកម្មជិះកង់ឆ្លងទ្វីប ដើម្បីកុមារកម្ពុជានេះ កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ ដោយបានចេញដំណើរពីមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ហើយឆ្លងកាត់ប្រទេសនៅទ្វីបអាស៊ី ទ្វីបអឺរ៉ុប និងទ្វីបអាហ្រ្វិកខាងត្បូង សរុប៤០ប្រទេស លើចម្ងាយផ្លូវ ៥ម៉ឺន៧ពាន់គីឡូម៉ែត្រ ដោយមានរយៈពេល២ឆ្នាំគត់តែម្តង។

កំពូលអ្នកជិះកង់ផ្សងព្រឹងដ៏កម្ររូបនេះសង្កត់ធ្ងន់បែបនេះថា៖ «នៅតាមដំណើរផ្សងព្រេងលើចម្ងាយផ្លូវជិត ៦ម៉ឺនគីឡូម៉ែត្រនេះ ខ្ញុំបានជួបរឿងមិនគួរឱ្យជឿច្រើនណាស់ ជាពិសេសពេលឆ្លងកាត់ប្រទេសទាំងអស់នោះ ខ្ញុំបានជួបមនុស្សជាច្រើន។ ឥឡូវនេះ ខ្ញុំចាប់ផ្តើមនឹកផ្លូវទាំងនោះបន្តិចម្តងៗហើយ ដោយប្រហែលជានឹងលែងជិះកង់លើចម្ងាយផ្លូវដ៏ឆ្ងាយបែបនេះទៀតឡើយ។ ខ្ញុំសង្ឃឹមថា ខ្ញុំនឹងផលិតមាតិកាជាច្រើនទៀត ដើម្បីបង្ហាញអ្នកទាំងអស់គ្នា ដែលបានកើតឡើងនៅតាមដងផ្លូវ។

«នៅពេលមកដល់កម្ពុជាវិញ ខ្ញុំពិបាកពិពណ៌នាថាតើត្រូវនិយាយបែបណានោះទេ ប៉ុន្តែខ្ញុំពិតជានឹកផ្ទះខ្លាំងណាស់។ ដំណើរផ្សងព្រេងនេះមានឧបសគ្គជាច្រើន ដែលខ្ញុំបានជួបប្រទះ ហើយខ្ញុំតែងតែជម្នះវា។ នៅពេលមួយនោះ ខ្ញុំធ្លាក់ខ្លួនឈឺ ប៊ិះស្លាប់ទៀត ដោយឧបសគ្គទាំងនោះធ្វើឱ្យខ្ញុំនឹកផ្ទះខ្លាំងមែនទែន ហើយអារម្មណ៍មួយនេះពិបាកពិពណ៌នាមែន។ អ្វីដែលពិសេស ថ្ងៃនេះខ្ញុំបានមកដល់មាតុភូមិកំណើតវិញប្រកបដោយសុខសុវត្ថិភាព»។ លោក ទីវ តារារិទ្ធិ បានបន្ថែម។

លោកអះអាងបែបនេះទៀតថា៖ «នៅពេលចេញដំណើរថ្ងៃដំបូងពីកម្ពុជា ក្នុងគោលដៅជិះកង់ដើម្បីកុមារកម្ពុជា អ្វីដែលខ្ញុំបានសន្យាចំពោះអ្នកទាំងអស់គ្នា មន្ទីរពេទ្យ និងអ្នកគាំទ្រថា បើទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយ ក៏ខ្ញុំសន្យាថានឹងធ្វើដំណើរឱ្យដល់គោលដៅ ហើយធ្វើវាឱ្យបាន។ ពេលនេះខ្ញុំធ្វើវាបានជោគជ័យហើយ។ បទពិសោធន៍រយៈពេល២ឆ្នាំក្នុងបណ្តាប្រទេសចំនួន៤០ប្រទេសនេះ គឺហូរហៀរ ដែលខ្ញុំបានជួបប្រទះរឿងរ៉ាវជាច្រើន។ខ្ញុំបាននាំរឿងរ៉ាវជាច្រើនពីកម្ពុជាទៅប្រាប់ប្រជាជនដែលបានមកជួបខ្ញុំ។ ពួកគាត់បានសួរខ្ញុំថា ខ្ញុំមកពីប្រទេសណា ហើយខ្ញុំមានមោទនភាពណាស់ក្នុងការប្រាប់ពួកគាត់ថា ខ្ញុំមកពីប្រទេសកម្ពុជាដ៏អស្ចារ្យ ដែលមានប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ អរិយធម៌ខ្ពង់ខ្ពស់ ដោយនេះជាឱកាសដែលខ្ញុំបានប្រាប់ដល់ពួកគាត់។ ពួកគាត់គាំទ្រយើងខ្លាំងណាស់ ក្នុងដំណើរបេសកកម្មដើម្បីសប្បុរសធម៌នេះ ហើយខ្ញុំបានជួបមិត្តភក្រ្តថ្មីៗច្រើន ជាពិសេសខ្ញុំត្រូវបានអញ្ជើញឱ្យចូលរួមធ្វើបទបង្ហាញក្នុងកម្មវិធីរបស់អង្គការ ក៏ដូចជាកម្មវិធីផ្លូវការរបស់រដ្ឋគេផងដែរ។

លោកបន្ថែមថា៖«គោលដៅនៃការរៃអង្គាសថវិកាឱ្យបាន ២៥ម៉ឺនដុល្លារនេះ គឺមកដល់ពេលនេះ ខ្ញុំទើបតែរកបាន ២២ម៉ឺនដុល្លារប៉ុណ្ណោះ។ ដូច្នេះខ្ញុំសង្ឃឹមជឿជាក់ថា បងប្អូនអ្នកគាំទ្រទាំងអស់បន្តចូលរួមគាំទ្របរិច្ចាគឱ្យបាន ២៥ម៉ឺនដុល្លារ ក្នុងការបញ្ចប់បេសកកម្មនៃគោលដៅជួយដល់កុមារកម្ពុជា។ គោលដៅចុងក្រោយ ខ្ញុំមានគម្រោងជិះកង់ពីភ្នំពេញទៅសៀមរាប រយៈពេល៣ថ្ងៃ ដើម្បីបញ្ចប់កម្មវិធីនៅទីនោះតែម្តង»។
គួរបញ្ជាក់ថា កំណត់ហេតុសំខាន់ៗរបស់លោក គឺផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន, រៀបចំធ្វើដំណើរជិះកង់ពីទីក្រុងភ្នំពេញ ទៅកាន់ខេត្តសៀមរាប, បិទកម្មវិធីជិះកង់សប្បុរសធម៌នៅមន្ទីពេទ្យគន្ធបុប្ផា និងមន្ទីពេទ្យកុមារអង្គរ, ផលិតខ្សែភាពយន្តឯកសារខ្លីនៃការធ្វើដំណើររបស់លោក ២ឆ្នាំជាមួយកង់ (TWO YEARS ON A BIKE), រៀបចំចងក្រងសៀវភៅ ២ឆ្នាំជាមួយកង់ TWO YEARS ON A BIKE, ការងារផ្សេងៗ ដើម្បីផ្តល់ការគោរពដល់សាធារណៈជនអ្នកគាំទ្រ និងក្រុមហ៊ុនមួយចំនួន ដែលបានសហការ និងគាំទ្របេសកកម្មជិះកង់ដើម្បីកុមារកម្ពុជា៕
ដោយ ហេង ណាលីន (រូបភាព៖ ក្រៅប្រទេស លោក ទីវ តារារិទ្ធិ)





