រដ្ឋមន្ត្រីក្រសួងអប់រំ៖ ចាប់តាំងពីការចាប់ផ្ដើមរបត់កំណែទម្រង់ស៊ីជម្រៅក្នុងឆ្នាំ២០១៤ វិស័យអប់រំនៅកម្ពុជាបានឈានជើងចូលដល់ដំណាក់កាលផ្លាស់ប្ដូរគួរឱ្យកត់សម្គាល់
AKP ភ្នំពេញ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦--ក្នុងរយៈពេលប្រមាណ ១០ឆ្នាំចុងក្រោយនេះ ចាប់តាំងពីការចាប់ផ្ដើមរបត់កំណែទម្រង់ស៊ីជម្រៅក្នុងឆ្នាំ២០១៤ វិស័យអប់រំនៅកម្ពុជាបានឈានជើងចូលដល់ដំណាក់កាលផ្លាស់ប្ដូរគួរឱ្យកត់សម្គាល់ជាមួយវឌ្ឍនភាពជាច្រើន ក្នុងនោះភាពលេចធ្លោបំផុតគឺការរឹតបន្តឹងវិធានការប្រឡងទុតិយភូមិចាប់តាំងពីឆ្នាំ២០១៤ ដោយបានលុបបំបាត់វប្បធម៌ចម្លង និងជំរុញឱ្យមានការខិតខំប្រឹងប្រែងពិតប្រាកដពីសិស្ស «អ្នកចេះគឺជាប់» ដោយកំណែទម្រង់អប់រំត្រូវបានបែងចែកជា ៤ដំណាក់កាល។ នេះបើតាមការលើកឡើងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងពិធីផ្ដល់បាឋកថាស្ដីពី «កំណែទម្រង់វិស័យអប់រំនៅកម្ពុជា» ជូនដល់សិស្សមន្ត្រី និងកម្មសិក្សាការីឆ្នាំ២០២៦ នៃសាលាភូមិន្ទរដ្ឋបាល នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានគូសបញ្ជាក់ថា ដើម្បីធ្វើកំណែទម្រង់ជោគជ័យ ត្រូវរកឱ្យឃើញចំណុចគន្លឹះដែលធ្វើឱ្យមានការផ្លាស់ប្ដូរល្អប្រសើរ ហើយត្រូវចាំថា មិនគួរធ្វើអ្វីដដែលៗពីមួយឆ្នាំទៅមួយឆ្នាំនោះទេ ចាំបាច់ត្រូវតែមានអ្វីថ្មីឆ្លើយតបនឹងបរិបទសង្គម ពិភពលោក និងការវិវត្តថ្មីៗនៃបច្ចេកវិទ្យាសកល ហើយថា វឌ្ឍនភាពកំណែទម្រង់ក្នុងរយៈពេល ១០ឆ្នាំនេះ បានផ្លាស់ប្ដូរទាំងវប្បធម៌សាលារៀន និងគុណភាពនៃប្រព័ន្ធអប់រំនៅកម្ពុជា ដោយផ្ដោតលើ «គុណភាព គណនេយ្យភាព និងនវានុវត្តន៍» ដើម្បីឆ្លើយតបទៅនឹងយុគសម័យសេដ្ឋកិច្ចឌីជីថល និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំណត់ការអភិវឌ្ឍធនធានមនុស្សជាអាទិភាព ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់៕


ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





