លោក ទេព ហន ចូលកាន់តំណែងអភិបាលរងខេត្តបាត់ដំបង
AKP បាត់ដំបង ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦--ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោក ទេព ហន ជាអភិបាលរងខេត្តបាត់ដំបង ជំនួសលោក ផេង សិទ្ធី ដែលបានចូលនិវត្តន៍ ពិធីនេះធ្វើឡើងនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ សាលប្រជុំសាលាខេត្តបាត់ដំបងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង។

តាមរបាយការណ៍ស្វាគមន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ គូសបញ្ជាក់ថា រដ្ឋបាលខេត្តបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការងារកំណែទម្រង់លើគ្រប់វិស័យដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល និងក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងគោលដៅដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវារដ្ឋបាលនិងសេវាសាធារណៈសំដៅលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរជាលំដាប់ និងការកែលម្អបរិយាកាសវិនិយោគនៅក្នុងខេត្ត។ រដ្ឋបាលខេត្តបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព បទល្មើសគ្រប់ប្រភេទ និងគ្រោះថ្នាក់សង្គមមានការថយចុះគួរឱ្យកត់សម្គាល់ដើមឆ្នាំ២០២៦នេះ ។ ការងារលើកកម្ពស់ការយល់ដឹងជាសាធារណៈ និង ការអនុវត្តកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបានយកចិត្តទុកដាក់ និងពង្រឹងឱ្យកាន់តែស៊ីជម្រៅទូលំទូលាយ តាមរយៈការបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលនៃការផ្ដល់សេវាសាធារណៈ ការរៀបចំវេទិកាសាធារណៈ សកម្មភាពចុះមូលដ្ឋាន ដើម្បីក្តាប់បាននូវសំណូមពរ តម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ ត្រួតពិនិត្យការផ្តល់សេវាសាធារណៈនៅមូលដ្ឋាន ការងារអត្រានុកូលដ្ឋាន ការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ការងារបញ្ជាក់នីត្យានុកូលកម្ម ព្រមទាំងបានដោះស្រាយបញ្ហាប្រឈម និងចំណុចថ្នាំងថ្នាក់មួយចំនួន ។ ចំពោះការស្រាវជ្រាវ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងភូមិសាស្ត្រខេត្តបាត់ដំបង កន្លងមកកម្លាំងគណៈបញ្ជាការឯកភាពរបស់រដ្ឋបាលខេត្ត ក្រុង ស្រុក បានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ហារបស់រាជរដ្ឋាភិបាល ដោយបានធ្វើការចុះបង្ក្រាប និងបិទសៀលតាមទីតាំងមួយចំនួន។ រហូតមកដល់ពេលនេះទីតាំងទាំងអស់ត្រូវបានគ្រប់គ្រងទាំងស្រុង និងផ្លាស់វេនគ្នាប្រចាំការជាប់ជាប្រចាំចៀសវាងមិនឱ្យមានការលួចបើកឡើងវិញលើទីតាំងដែលបានចុះបង្ក្រាបរួច។

ឯកឧត្តម ប៊ុន ហ៊ុន បានផ្ដល់អនុសាសន៍ឱ្យ រដ្ឋបាលខេត្តបាត់ដំបង ត្រូវបន្តថែរក្សាពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ខណៈសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈគឺជាមូលដ្ឋានគ្រឹះនៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងជាលក្ខខណ្ឌចាំបាច់សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅមូលដ្ឋាន ដូច្នេះរដ្ឋបាលខេត្តត្រូវបន្តការយកចិត្តទុកដាក់ គណៈបញ្ជាការឯកភាពគ្រប់លំដាប់ថ្នាក់ត្រូវពង្រឹងការងារគ្រប់គ្រងសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឱ្យបានដាច់ខាតជាពិសេសត្រូវពង្រឹងការគ្រប់គ្រងសភាពការណ៍នៅតាមមូលដ្ឋាន ការប្រមូលវិភាគព័ត៌មាន និងការវាយតម្លៃហានិភ័យចំពោះរាល់មុខសញ្ញានៃការគំរាមកំហែងដើម្បីដាក់ចេញនូវវិធានការនានាសំដៅទប់ស្កាត់ ឆ្លើយតបឱ្យបានទាន់ពេលវេលានូវរាល់សកម្មភាពប៉ុនប៉ងដែលបង្កឱ្យមានភាពចលាចលវឹកវរ និងអសន្តិសុខក្នុងសង្គម។

ឯកឧត្តម បានឱ្យជំរុញនិងបំផុសឱ្យមានចលនាចូលរួមគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀតនៅក្នុងភូមិសាស្រ្តរបស់ខ្លួនទាំងមូល ជាពិសេសការបង្ការ និងបង្រ្កាបបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ ក្មេងទំនើង រក្សាអនាម័យបរិស្ថាន ពង្រឹងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ៕
ដោយ៖ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តបាត់ដំបង)





