ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសេចក្ដីព្រាង “ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ឆ្នាំ២០២៦-២០៣៣”
AKP ភ្នំពេញ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦--ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសេចក្ដីព្រាង “ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ឆ្នាំ២០២៦-២០៣៣” ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោក លោកស្រីជាថ្នាក់ដឹកនាំ និងមន្ដ្រីបច្ចេកទេស នៃក្រសួងអភិវឌ្ឍន៍ជនបទ។

ជាកិច្ចចាប់ផ្ដើម ក្រោយបទបង្ហាញរបស់លោក ផេង សំបូរ ប្រធាននាយកដ្ឋានផែនការ និងស្ថិតិរួចមក អង្គប្រជុំបានពិនិត្យ ពិភាក្សាយ៉ាងល្អិតល្អន់លើសេចក្ដីព្រាងផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទឆ្នាំ២០២៦-២០៣៣ ដែលក្រុមការងារចំពោះកិច្ចបានរៀបចំ និងបានផ្ដល់ធាតុចូលដ៏មានសារៈសំខាន់មួយចំនួនបន្ថែមទៀតផងដែរ។ឯកឧត្តមរដ្ឋមន្ដ្រី បានថ្លែងអំណរគុណចំពោះធាតុចូលដ៏មានសារៈសំខាន់ពីអង្គប្រជុំ និងបានផ្ដល់អនុសាសន៍ជូនដល់ក្រុមការងារចំពោះកិច្ច ដាក់បញ្ចូលធាតុចូលទាំងឡាយ ដើម្បីបំពេញបន្ថែមនូវចំណុចខ្វះខាត ប្រយោជន៍ធ្វើឱ្យផែនការយុទ្ធសាស្ដ្រនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ អាចអនុវត្តបានជាក់ស្ដែង និងសម្រេចបានដោយជោគជ័យ ឆ្លើយតបទៅនឹងគោលដៅនៃគោលនយោបាយជាតិស្ដីពី ការអភិវឌ្ឍជនបទឆ្នាំ២០២៥-២០៣៥។

សូមជម្រាបជូនផងដែរថា ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងរៀបចំផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទឆ្នាំ២០២៦-២០៣៣ ក្នុងគោលបំណងបង្កើនការតភ្ជាប់បណ្ដាញផ្លូវជនបទនៅទូទាំងប្រទេសឱ្យមានភាពប្រទាក់ក្រឡា ប្រកបដោយភាពធន់ និងមានការគ្រប់គ្រងដោយប្រសិទ្ធភាព និងនវានុវត្តន៍ ដែលជាការរួមចំណែកធ្វើឱ្យសម្រេចបាននូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំបន្តវេនប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕


ដោយ៖ ពេជ្រ សំអឿន(ប្រភព៖ក្រសួងអភិវឌ្ឍន៍ជនបទ)





