២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង១.០០០នាក់ និងពិន័យអ្នកល្មើសអនុក្រឹត្យ០៣ បានជិត២០០លានរៀល
AKP ភ្នំពេញ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦--ក្នុងរយៈពេល២សប្ដាហ៍ ដើមខែមិថុនា ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចក្រសួងមហាផ្ទៃបានបន្តឃាត់ខ្លួនមនុស្សចំនួន១.៣៣២នាក់ ស្មើនឹង១៦សញ្ជាតិពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams)។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

លោកបណ្ឌិត ទូច សុឃៈ ឱ្យដឹងថា ជនទាំងនោះត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍១៣៣នាក់ ស្មើនឹង២សញ្ជាតិ កសាងសំណុំរឿងបញ្ជូនទៅតុលាការ៨៧នាក់ ស្មើនឹង៥សញ្ជាតិ និងកំពុងបន្តនីតិវិធី១.១១២នាក់ ស្មើនឹង១៧សញ្ជាតិ។ អ្នកនាំពាក្យបានបន្ថែមទៀតថា ប្រតិបត្តិការ២សប្ដាហ៍នោះធ្វើឡើងតាមគោលដៅចំនួន៧៨កន្លែង លើភូមិសាស្ត្រចំនួន១២រាជធានី-ខេត្ត។ ជាការកត់សម្គាល់សមត្ថកិច្ចចម្រុះក្រសួងមហាផ្ទៃបានស្រាវជ្រាវ និងបង្ក្រាបក្រុមមួយដែលមានតួនាទីក្នុងការតាមដានសកម្មភាពរបស់សមត្ថកិច្ច ប្រមូលយកព័ត៌មាន និងរូបភាព រាយការណ៍ទៅមេក្លោងដែលជាឧក្រិដ្ឋជន ដើម្បីរៀបចំវិធានការទប់ទល់នឹងការបង្ក្រាបរបស់កម្លាំងសមត្ថកិច្ច។
លោកបណ្ឌិត ទូច សុឃៈ បានអះអាងទៀតថា ក្រោយការស៊ើបអង្កេតសមត្ថកិច្ចបានបើកប្រតិបត្តិការឃាត់ខ្លួនមេក្លោង និងបក្ខពួកសរុប១៦នាក់កសាងសំណុំរឿងបញ្ជូនទៅតុលាការ និងកំពុងបន្តស្វែងរកចាប់ខ្លួនមេក្លោង និងបក្ខពួកដែលនៅសេសសល់ជាបន្តបន្ទាប់ទៀត។
លោកបានបន្ថែមថា ជាមួយគ្នានេះដែរ ក្នុងរយៈពេល២សប្ដាហ៍ដើមខែមិថុនា ឆ្នាំ២០២៦នេះសមត្ថកិច្ចក្រសួងមហាផ្ទៃក៏បានបន្តផាកពិន័យម្ចាស់ និងអ្នកគ្រប់គ្រងទីតាំងដែលអនុវត្តផ្ទុយនឹងខ្លឹមសារអនុក្រឹត្យលេខ០៣ ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំជាទឹកប្រាក់សរុបចំនួន១៩៧.៨៤០.០០០រៀល៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





