សម្តេចធិបតី និងលោកជំទាវបណ្ឌិតផ្តល់ម៉ូតូចំនួន៥០គ្រឿងដល់វីរកងទ័ព កងពលធំអន្តរាគមន៍លេខ៣
AKP ភ្នំពេញ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦--ថ្នាក់ដឹកនាំអង្គភាពប្រឆាំងអំពើពុករលួយ បានផ្តល់ម៉ូតូចំនួន៥០គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ជូនវីរកងទ័ព កងពលធំអន្តរាគមន៍លេខ៣ តាមរយៈឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។ពិធីប្រគល់ និងទទួលនេះបានប្រព្រឹត្តទៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦។

ក្នុងពិធីប្រគល់នោះឯកឧត្តម ទូច ស៊ុនណារី អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបាននាំម៉ូតូចំនួន៥០គ្រឿង ទៅប្រគល់ជូន កងពលធំអន្តរាគមន៍លេខ៣ ដែលមានឧត្តមសេនីយ៍ទោ ឈឺន វណ្ណី មេបញ្ជាការរង កងពលធំអន្តរាគមន៍លេខ៣ តំណាងដ៏ខ្ពង់ខ្ពស់ ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ មកទទួលសម្រាប់បម្រើការក្នុងទិសទី១ យោធភូមិភាគទី៤ ព្រំដែនកម្ពុជា-ថៃ។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ ឈឺន វណ្ណី មេបញ្ជាការរង កងពលធំអន្តរាគមន៍លេខ៣ តំណាងមេបញ្ជាការ នាយ និងពលទាហាន ទូទាំងកងពលធំអន្តរាគមន៍លេខ៣ បានគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់បំផុត ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត និងឯកឧត្តម ទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង ដែលបានឧបត្ថម្ភម៉ូតូចំនួន៥០គ្រឿងនេះ ដល់វីរកងទ័ពជួរមុខសម្រាប់ប្រើប្រាស់ក្នុងតម្រូវការប្រចាំថ្ងៃ ក្នុងទិសដៅការពារបូរណភាពទឹកដី។

ឧត្តមសេនីយ៍ទោ ឈឺន វណ្ណី បានបន្តទៀតថា យើងខ្ញុំទាំងអស់គ្នា សូមប្រសិទ្ធិពរជ័យវិបុលសុខសិរីមហាប្រសើរគោរពជូន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រាបុត្រី និងអង្គភាពប្រឆាំងអំពើពុករលួយ ជូបប្រទះតែនឹងពុទ្ធពរ៤ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ សំ សាម៉ន(ប្រភព៖កងទ័ពជើងគោក)





