វេទិកាសាធារណៈនៅសង្កាត់ព្រះពន្លា៖ ឯកឧត្ដម អ៊ុ រាត្រី បញ្ជាក់ពីតួនាទីស្នូលរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយកង្វល់ និងអភិវឌ្ឍមូលដ្ឋាន
AKP បន្ទាយមានជ័យ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦--វេទិកាសាធារណៈគឺជាស្ពានដ៏សំខាន់បំផុតមួយរវាងរដ្ឋាភិបាល និងប្រជាពលរដ្ឋ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍន៍ដោយតម្លាភាព។ នេះជាការបញ្ជាក់របស់ ឯកឧត្ដម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងសិរីសោភ័ណ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈនៅសង្កាត់ព្រះពន្លា នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦។

ពិធីនេះប្រារព្ធធ្វើឡើងនៅភោជនីយដ្ឋានស្ទឹងសែន ស្ថិតក្នុងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ដោយមានការចូលរួមពីអនុប្រធានក្រុមការងារចុះមូលដ្ឋានក្រុង ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់-ភូមិ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករប្រមាណជាង ២០០នាក់។
ថ្លែងក្នុងឱកាសនោះ ឯកឧត្ដម អ៊ុ រាត្រី បានគូសបញ្ជាក់ថា វេទិកាសាធារណៈនេះ មិនមែនត្រឹមតែជាការផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែគឺជាយន្តការអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចឆ្លុះបញ្ចាំងពីតម្រូវការជាក់ស្តែង និងបញ្ហាប្រឈមក្នុងមូលដ្ឋានផ្ទាល់។

ឯកឧត្ដមបានលើកឡើងថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ។ វេទិកានេះគឺជាឱកាសមាស ដែលអាជ្ញាធរត្រូវចុះមកស្តាប់ និងរកដំណោះស្រាយជូនពលរដ្ឋវិញឱ្យបានទាន់ពេលវេលា ជាពិសេសលើការងារអភិវឌ្ឍន៍មូលដ្ឋាន ការធានាសន្តិសុខសណ្តាប់ធ្នាប់ និងការធ្វើឱ្យសេវារដ្ឋបាលកាន់តែមានភាពរហ័ស និងល្អប្រសើរ។
ក្នុងបរិយាកាសដ៏បើកចំហ វេទិកានេះបានផ្ដោតទៅលើចំណុចគន្លឹះនោះការផ្សព្វផ្សាយសមិទ្ធផល បង្ហាញពីលទ្ធផលការងារដែលក្រុមការងាររាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានសម្រេចបាននាពេលកន្លងមក ក្នុងការលើកកម្ពស់ជីវភាព និងហេដ្ឋារចនាសម្ព័ន្ធក្នុងសង្កាត់ព្រះពន្លា។

ការទទួលយកសំណូមពរបើកឱកាសឱ្យប្រជាពលរដ្ឋលើកឡើងដោយសេរីនូវក្តីកង្វល់ផ្ទាល់ខ្លួន ពាក់ព័ន្ធនឹងបញ្ហាជីវភាព ការអភិវឌ្ឍន៍ផ្លូវថ្នល់ ប្រព័ន្ធលូ និងតម្រូវការចាំបាច់ផ្សេងៗទៀត។
ការពង្រឹងសេវារដ្ឋបាលជំរុញឱ្យមន្ត្រីមូលដ្ឋានខិតខំផ្តល់សេវាជូនពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់។

ជាមួយគ្នានោះ ឯកឧត្ដមប្រធានក្រុមការងារបានសន្យាថា រាល់សំណូមពរ និងបញ្ហាដែលបងប្អូនបានលើកឡើង នឹងត្រូវបានក្រុមការងារកត់ត្រា និងដាក់ចូលក្នុងរបៀបវារៈដើម្បីស្វែងរកដំណោះស្រាយជាបន្តបន្ទាប់ សំដៅធ្វើយ៉ាងណាឱ្យមូលដ្ឋានសង្កាត់ព្រះពន្លាមានការរីកចម្រើន និងមានសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋគ្រប់រូប៕
ដោយ ឈុន សារ៉ាត





