ឯកឧត្តម អ៊ុន ចាន់ដាឱ្យអាជ្ញាធរ គ្រប់លំដាប់ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ពង្រឹងការងារសន្តិសុសណ្តាប់ធ្នាប់ សាធារណៈឱ្យកាន់តែប្រសើរថែមទៀត
AKP កំពង់ចាម ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦--ឯកឧត្តម អ៊ុន ចាន់ដា អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ចាមបានធ្វើការណែនាំដល់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវតែបន្តយកចិត្តទុកដាក់ខ្ពស់លើការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដើម្បីធានាបាននូវសុវត្ថិភាពជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យ កាន់តែប្រសើរឡើងថែមទៀត ពិសេសត្រូវរួមគ្នាទប់ស្កាត់ និងបង្ក្រាបឱ្យទាន់ពេលវេលានូវរាល់បាតុភាពអសកម្មនានាក្នុងមូលដ្ឋាន ដូចជាបញ្ហាក្មេងទំនើង និងគ្រឿងញៀន ដោយបន្តអនុវត្តយ៉ាងសកម្មបំផុត ក្នុងការចូលរួមអនុវត្ត គោលនយោបាយភូមិឃុំមានសុវត្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃសន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ។

ឯកឧត្តមអភិបាលខេត្តលើកឡើងដូច្នេះនៅក្នុងការដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦នេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រីអភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ (កងរាជអាវុធហត្ថ នគរបាល និងយោធភូមិភាគ) លោកប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោកអភិបាលក្រុង-ស្រុកទាំងអស់របស់ខេត្ត។

ឯកឧត្តមអភិបាលខេត្តក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងរួមគ្នា រក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមបានយ៉ាងល្អប្រសើរជូនដល់បងប្អូនប្រជាពលរដ្ឋ នាពេលកន្លងមក។

ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា ដើម្បីធានាបានសន្តិសុខសណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានកាន់តែប្រសើរឡើង ថែមទៀតនោះ អាជ្ញាធរ គ្រប់លំដាប់នៅតាមមូលដ្ឋាន និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវតែបន្តយកចិត្តទុកដាក់ខ្ពស់លើការងារពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ទប់ស្កាត់បញ្ហាក្មេងទំនើង និងគ្រឿងញៀន ពិសេសបំផុតត្រូវយកចិត្តទុកខ្ពស់ការចុះអប់រំផ្សព្វផ្សាយអំពីគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឱ្យយល់ច្បាស់ និងចូលរួមទាំងអស់គ្នា ទើបយើងទទួលបានភាពកក់ក្តៅ និងការរស់នៅ ប្រកបដោយសេចក្តីសុខក្សេមក្សាន្ត៕


ដោយ ឆាយ ម៉ុត





