ទូតកម្ពុជាប្រចាំនៅកូរ៉េសម្តែងការគាំទ្រចំពោះគម្រោងជំនួយនានារបស់កូរ៉េ ជាពិសេសគម្រោងកែច្នៃចំណីអាហារជាប្រភេទគម្រោង ដែលប្រទេសកម្ពុជាកំពុងត្រូវការចាំបាច់
AKP ភ្នំពេញ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦--ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារ ណរដ្ឋកូរ៉េសម្តែងការគាំទ្រចំពោះគម្រោងជំនួយនានារបស់កូរ៉េ ជាពិសេសគម្រោងកែច្នៃចំណីអាហារនេះ ជាប្រភេទគម្រោង ដែលប្រទេសកម្ពុជាកំពុងត្រូវការចាំបាច់ក្នុងពេលបច្ចុប្បន្ន
ការគាំំទ្រនៅជំនួបពិភាក្សាការងាររវាងឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជា ជាមួយគណៈប្រតិភូក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តន៍ និងនាយកវិទ្យាស្ថានស្រាវជ្រាវចំណីអាហារកូរ៉េ។

នៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលជួបពិភាក្សា និងសំណេះសំណាលការងារជាមួយគណៈប្រតិភូ ដឹកនាំដោយឯកឧត្តម ហុង រ៉ាដា អនុរដ្ឋលេខាធិការ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តន៍ និងលោក KIM Young Chan នាយកវិទ្យាស្ថានស្រាវជ្រាវចំណីអាហារកូរ៉េ នៅស្ថានទូតកម្ពុជា ក្នុងទីក្រុងសេអ៊ូល។

ឯកឧត្តម ហុង រ៉ាដា បានជម្រាបជូន ឯកឧត្តមឯកអគ្គរាជទូត ដោយសង្ខេបអំពីដំណើរការមជ្ឈមណ្ឌលកែច្នៃចំណីអាហារក្នុងប្រទេសកម្ពុជា និងសមិទ្ធិផលនានា ដែលទទួលបានក្នុងដំណើរទស្សនកិច្ចលើកទី២ របស់ឯកឧត្តមក្នុងប្រទេសកូរ៉េ។
ឯកឧត្តមបានលើកឡើងថា តាមរយៈ បទពិសោធន៍នៃដំណើរទស្សនកិច្ចសិក្សានៅវិទ្យាស្ថាន រោងចក្រ និងក្រុមហ៊ុនចំណីអាហារកូរ៉េលើកនេះ គណៈប្រតិភូទទួលបានធាតុចូលសំខាន់ៗជាច្រើន ដែលអាចយកជាគំរូល្អៗទៅអនុវត្តនៅវិទ្យាស្ថានកែច្នៃចំណីអាហាររបស់កម្ពុជា ដើម្បីដោះស្រាយបញ្ហាប្រឈម និងកែ សម្រួលចំណុចខ្វះខាតរបស់ខ្សែច្រវ៉ាក់ផលិតកម្មដែលកំពុងដំណើរការនៅវិទ្យាស្ថាន។

ក្នុងឱកាសនោះផងដែរ លោក KIM បានថ្លែងអំណរគុណចំពោះក្រសួងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តន៍ និងស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ដែលបានផ្តល់កិច្ចសហការយ៉ាងល្អក្នុងពេលកន្លងមក។
បន្ថែមពីនេះ លោកក៏បានស្នើសុំស្ថាន ទូតបន្តការគាំទ្រ និងជួយផ្សព្វផ្សាយអំពីសមិទ្ធិផល និងអត្ថប្រយោជន៍នៃគម្រោង ODA របស់កូរ៉េនៅកម្ពុជា ពិសេសគម្រោងកែច្នៃចំណីអាហារនេះ។
ឯកឧត្តមឯកអគ្គរាជទូតបានវាយតម្លៃជាវិជ្ជមាន និងសម្តែងការគាំទ្រចំពោះគម្រោងជំនួយនានារបស់កូរ៉េ ជាពិសេសគម្រោងកែច្នៃចំណីអាហារនេះ ជាប្រភេទគម្រោង ដែលប្រទេសកម្ពុជាកំពុងត្រូវការចាំបាច់ក្នុងពេលបច្ចុប្បន្ន។

ឯកឧត្តមក៏បានសម្តែងនូវការប្តេជ្ញាចិត្តក្នុងការជួយផ្សព្វផ្សាយអំពីសមិទ្ធិផលគម្រោង ODA របស់កូរ៉េ ដល់ដៃគូជំនួបនានា នាពេលខាងមុខផងដែរ។
លើសពីនេះ ឯកឧត្តមក៏បានបញ្ជាក់ថា កម្ពុជាគួរត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរនិន្នាការពីគម្រោងលក្ខណៈប្រពៃណី ទៅជាគម្រោងបែបបច្ចេកវិទ្យាទំនើប ដែលកំពុងមានតម្រូវការខ្លាំងក្នុងពេលបច្ចុប្បន្ន និងអនាគត៕
ដោយ៖ ប៊ុនរិទ្ធ





