ទ្វីបអាហ្វ្រិក និងអាស៊ីបង្កើនការនាំចូលអាហារពីរុស្ស៊ី ចំពេលដែលមានការព្រួយបារម្ភអំពីបាតុភូតអែលនីញ៉ូ
AKP ភ្នំពេញ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ -- ធនាគារ Rosselkhozbank (RSHB) ដែលគ្រប់គ្រងដោយរដ្ឋរបស់រុស្ស៊ី បានប្រាប់សារព័ត៌មានស្ពុតនីក(Sputnik) កាលពីថ្ងៃអាទិត្យថា ប្រទេសនានានៅទូទាំងទ្វីបអាស៊ី អាហ្វ្រិកនិងមជ្ឈិមបូព៌ា កំពុងបង្កើនការនាំចូលផលិតផលអាហាររបស់រុស្ស៊ីដោយសារតែភាពមិនប្រាកដប្រជាជុំវិញច្រកសមុទ្រហ័រមុស និងការព្រួយបារម្ភអំពីបាតុភូតអាកាសធាតុអ៊ែលនីញ៉ូដែលខិតជិតមកដល់។
បាតុភូតអ៊ែលនីញ៉ូ គឺជាបាតុភូតមួយដែលត្រូវបានកំណត់លក្ខណៈដោយសីតុណ្ហភាពផ្ទៃទឹកសមុទ្រក្តៅខុសពីធម្មតានៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកអេក្វាទ័រ។ ការប្រែប្រួលសីតុណ្ហភាពដែលកើតឡើងអាចបង្កឱ្យមានការរំខានអាកាសធាតុធំៗនៅទូទាំងពិភពលោក ដែលបណ្តាលឱ្យមានគ្រោះរាំងស្ងួតនៅក្នុងតំបន់មួយចំនួន និងទឹកជំនន់នៅតំបន់ផ្សេងទៀត។
ធនាគារនោះបាននិយាយថា «ក្នុងរយៈពេលបួនខែដំបូងនៃឆ្នាំ២០២៦ការនាំចេញផលិតផលកសិកម្មរបស់រុស្ស៊ីបានកើនឡើង ៤,៩លានតោន ឬ២១,៨% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ជាពិសេសដោយសារតែអស្ថិរភាពនៅក្នុងច្រកសមុទ្រហ័រមុស និងការប្រែប្រួលអាកាសធាតុដែលទាក់ទងនឹងបាតុភូតអ៊ែលនីញ៉ូ ដោយប្រទេសជាច្រើននៅទ្វីបអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ាកំពុងបង្កើនស្តុកផលិតផលកសិកម្មដោយសារតែការព្រួយបារម្ភអំពីកង្វះខាតជី និងគ្រោះរាំងស្ងួតដែលអាចកើតមាន»។
យោងតាមធនាគារ RSHB បានឱ្យដឹងថា ការនាំចេញអាហាររបស់រុស្ស៊ីទៅកាន់ប្រទេសចិនបានកើនឡើងជាងមួយភាគបីនៅក្នុងខែមករាដល់ខែមេសា ឆ្នាំ២០២៦ បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ធនាគារ RSHB បាននិយាយថា ប្រទេសអេហ្ស៊ីបបានបង្កើនការនាំចូលប្រេងផ្កាឈូករ័ត្នរបស់រុស្ស៊ីជាង ២៥% និងសណ្តែកសៀងស្ងួត ៧៤% ខណៈដែលប្រទេសអាល់ហ្សេរីបានជំរុញការទិញប្រេងសណ្តែកសៀងរបស់រុស្ស៊ីជាងមួយភាគបួន។
ធនាគារនោះបាននិយាយបន្ថែមថា រុស្ស៊ីក៏បានបង្កើនការនាំចេញសាច់ជ្រូក និងផលិតផលសាច់ជ្រូកទៅកាន់ប្រទេសចិនចំនួន ៨៩% ពីមួយឆ្នាំទៅមួយឆ្នាំផងដែរ ដោយឈានដល់ ៣៧.០០០តោន។ ធនាគារ RSHB បាននិយាយថា បរិមាណនោះមានចំនួនជិតពាក់កណ្តាលនៃការនាំចេញសាច់ជ្រូកសរុបរបស់រុស្ស៊ីទៅកាន់ប្រទេសចិនសម្រាប់រយៈពេលមួយឆ្នាំចុងក្រោយនេះ៕





