សហភាពអឺរ៉ុបទាមទារមិនឱ្យតួកគីផ្គត់ផ្គង់ឧស្ម័នរុស្ស៊ីដល់សហភាព
AKP ភ្នំពេញ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ -- សហភាពអឺរ៉ុបនឹងទទូចថាឧស្ម័នដែលប្រទេសតួកគីនឹងផ្គត់ផ្គង់ដល់ប្រទេសនានាក្នុងសហភាពក្រោមកិច្ចសន្យាថ្មី មិនគួរមានប្រភពដើមពីរុស្ស៊ីទេ។ នេះបើយោងតាមការលើកឡើងរបស់លោកស្រី ខេធើរីន រើចឆេ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអាល្លឺម៉ង់។
ដូចដែលលោកស្រី រើចឆេ បានកត់សម្គាល់ថា ប្រទេសតួកគីត្រូវគិតគូរពីសារៈសំខាន់យ៉ាងខ្លាំង ដែលសហភាពអឺរ៉ុបដាក់ចេញទៅលើការផ្តាច់ខ្លួនចេញពីការផ្គត់ផ្គង់ទំនិញរបស់រុស្ស៊ី ប៉ុន្តែលោកស្រីបានបញ្ជាក់យ៉ាងច្បាស់ថា ការជំនួសឱ្យការផ្គត់ផ្គង់របស់រុស្ស៊ី គឺមិនអាចទៅរួចទេក្នុងពេលតែមួយយប់នោះរាប់តាំងពីទស្សនៈសេដ្ឋកិច្ច ឬពីទស្សនៈនៃធនធានដែលមាន។
នៅថ្ងៃទី២៦ ខែមករា ក្រុមប្រឹក្សាសហភាពអឺរ៉ុបបានហាមឃាត់ការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) របស់រុស្ស៊ីចាប់ពីឆ្នាំ២០២៧ និងឧស្ម័នបំពង់បង្ហូរឧស្ម័នចាប់ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៧។ ការហាមឃាត់ការនាំចូលឧស្ម័នធម្មជាតិរាវ (LNG) ក្រោមកិច្ចសន្យារយៈពេលខ្លី បានចាប់ផ្តើមមានប្រសិទ្ធភាពនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ហើយកិច្ចសន្យារយៈពេលខ្លីសម្រាប់ការផ្គត់ផ្គង់ឧស្ម័នបំពង់បង្ហូរឧស្ម័នត្រូវតែបញ្ចប់នៅថ្ងៃទី១៧ខែមិថុនា ឆ្នាំ២០២៦។
នៅពេលមុននេះ សារព័ត៌មានតាសស៍ (TASS) ដោយដកស្រង់ទិន្នន័យពី ENTSOG បានរាយការណ៍ថា ការផ្គត់ផ្គង់តាមរយៈបំពង់បង្ហូរឧស្ម័ន Turkish Stream ទៅកាន់អឺរ៉ុបក្នុងឆ្នាំ២០២៥ បានកើនឡើង ៨,៣% ដល់កំណត់ត្រា ១៨,១ពាន់លានម៉ែត្រគូប (bcm)។ នៅចុងឆ្នាំ២០២៥ រុស្ស៊ីបានបង្កើនការផ្គត់ផ្គង់ឧស្ម័នតាមបំពង់បង្ហូរទៅកាន់ប្រទេសតួកគីដល់២១,២ពាន់លានម៉ែត្រគូប។
រុស្ស៊ីផ្គត់ផ្គង់ឧស្ម័នទៅប្រទេសតួកគីតាមរយៈបំពង់បង្ហូរពីរ ដែលរត់កាត់សមុទ្រខ្មៅ គឺស្ទឹងខៀវ និងស្ទឹងតួកគី៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





