កាតាប្រកាសចាប់ផ្តើមកិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នៅប្រទេសស្វីស
AKP ភ្នំពេញ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ -- ក្រសួងការបរទេសនៃប្រទេសកាតា បានប្រកាសពីការចាប់ផ្តើមនៃកិច្ចចរចា និងកិច្ចប្រជុំលើកដំបូងនៃគណៈកម្មាធិការកម្រិតខ្ពស់ ដែលពាក់ព័ន្ធនឹងតំណាងមកពីសហរដ្ឋអាមេរិក អ៊ីរ៉ង់ និងប៉ាគីស្ថាន។
សេចក្តីថ្លែងការណ៍របស់ក្រសួងបាននិយាយថា «កាតា ដែលដើរតួនាទីជាអ្នកសម្របសម្រួល ប្រកាសពីការចាប់ផ្តើមនៃកិច្ចប្រជុំកំពូល<...> ដោយមានការចូលរួមពីតំណាងមកពីសហរដ្ឋអាមេរិក អ៊ីរ៉ង់ និងប្រទេសសម្របសម្រួលទាំងពីរ គឺកាតា និងប៉ាគីស្ថាន»។ ទីក្រុងដូហាបានសម្តែងក្តីសង្ឃឹមថា កិច្ចប្រជុំទាំងនេះ «នឹងនាំទៅរកកិច្ចព្រមព្រៀងដ៏ទូលំទូលាយ និងយូរអង្វែង ដែលគ្របដណ្តប់លើគ្រប់ទិដ្ឋភាពទាំងអស់ដែលបានរៀបរាប់នៅក្នុងអនុស្សរណៈនៃការយោគយល់គ្នា» រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។
ជាថ្នូរវិញ ទីប្រឹក្សានាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យក្រសួងការបរទេសកាតា លោក ម៉ាជេដ ប៊ីន ម៉ូហាំម៉េដ អាល់-អាន់សារី បានរាយការណ៍ថា ភាគីទាំងពីរបានបង្កើតក្រុមបច្ចេកទេសឯកទេស ដើម្បីចរចាលក្ខខណ្ឌនៃកិច្ចព្រមព្រៀងចុងក្រោយ។ លើសពីនេះ ក្រុមត្រួតពិនិត្យត្រូវបានបង្កើតឡើង ដើម្បីធានាបាននូវការអនុលោមតាមបទប្បញ្ញត្តិនៃអនុស្សរណៈ។ យោងតាមអ្នកការទូតរូបនេះ បានឱ្យដឹងថា នេះជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ភាគីទាំងអស់ ដើម្បីជំរុញដំណើរការនៃកិច្ចចរចាដោយស្មោះត្រង់។ លោក អាល់-អាន់សារី ក៏បានកោតសរសើរចំពោះតួនាទីរបស់ប្រទេសប៉ាគីស្ថានក្នុងនាមជាដៃគូ និងជាអ្នកសម្របសម្រួល ការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ចំពោះដំណោះស្រាយការទូត និងការគាំទ្រសម្រាប់ដំណើរការនៃកិច្ចចរចាដែលផ្តល់ដោយប្រទេសអេហ្ស៊ីប អារ៉ាប់រួម អារ៉ាប៊ីសាអូឌីត និងតួកគី៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





