រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ រដូវវស្សាមិនមែនជាឧបសគ្គនៃការដើរកម្សាន្តនោះទេ ប៉ុន្តែវាជា រដូវកាលបៃតងដែលមានភាពទាក់ទាញខ្លាំងដោយសារធម្មជាតិមានភាពស្រស់បំព្រង
AKPសៀមរាបថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០២៦--ថ្លែងនៅក្នុងពិធីបើកក្នុងកម្មវិធី «ជជែកលើវិថីទេសចរណ៍រដូវកាលបៃតង ឆ្នាំ២០២៦» ដែលបានរៀបចំឡើងនៅលើទឹកដីបេតិកភណ្ឌវប្បធម៌ពិភពលោកខេត្តសៀមរាបនាកាលពីរាត្រីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា រដូវវស្សាមិនមែនជាឧបសគ្គនៃការដើរកម្សាន្តនោះទេ ប៉ុន្តែវាជា រដូវកាលបៃតង ដែលមានភាពទាក់ទាញខ្លាំង ដោយសារធម្មជាតិមានភាពស្រស់បំព្រង ព្រៃឈើខៀវខ្ចី ប្រាសាទបុរាណមានស្លែគ្របដណ្តប់បង្កើតបានជាផ្ទាំងទស្សនីយភាពប្លែកភ្នែក និងមានខ្យល់អាកាសបរិសុទ្ធ។

ឯកឧត្តមបន្តថាដើម្បីធ្វើការទាក់ទាញទេសចរណ៍បែបធម្មជាតិគឺយើងត្រូវមានការជំរុញការផ្សព្វផ្សាយតំបន់ទេសចរណ៍ធម្មជាតិ និងសហគមន៍ទេសចរណ៍ជុំវិញតំបន់សៀមរាប-អង្គរ ដែលកំពុងបង្ហាញសម្រស់យ៉ាងត្រកាលក្នុងរដូវនេះលើកទឹកចិត្តឱ្យប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជន និងអ្នករស់នៅតាមបណ្តាខេត្តផ្សេងៗ មកកម្សាន្តនៅខេត្តសៀមរាបក្នុងរដូវកាលបៃតងនេះ ។ទន្ទឹមនឹងនេះការលើកកម្ពស់ទេសចរណ៍ក្នុងរដូវកាលបៃតង បានរួមចំណែកធ្វើឱ្យលំហូរទេសចរណ៍មានភាពប្រក្រតីពេញមួយឆ្នាំ កាត់បន្ថយការប្រមូលផ្តុំក្នុងរដូវកាលខ្ពស់ និងបង្កើនការចែករំលែកផលប្រយោជន៍សេដ្ឋកិច្ចទៅដល់មូលដ្ឋាន។

ឯកឧត្តមរដ្ឋមន្ត្រី ក៍បានថ្លែងអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ទាំងអស់ រក្សាឱ្យបាននូវតម្លៃសមរម្យ មិនដំឡើងថ្លៃហួសហេតុ និងត្រូវពង្រឹងគុណភាពសេវាកម្មឱ្យកាន់តែល្អប្រសើរហើយ ទីក្រុងស្អាត សេវាល្អ គឺ សង្កត់ធ្ងន់លើការរក្សាអនាម័យ បរិស្ថាន និងបដិសណ្ឋារកិច្ចល្អស្របតាមស្តង់ដារទេសចរណ៍ ដើម្បីផ្តល់បទពិសោធន៍មិនអាចបំភ្លេចបានដល់ភ្ញៀវទេសចរផងដែរ ។

លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា ការជំរុញទេសចរណ៍ក្នុងរដូវកាលបៃតង គឺជាការផ្លាស់ប្តូរទស្សនវិស័យដ៏សំខាន់មួយ ដោយចាត់ទុកធម្មជាតិ និងរដូវភ្លៀង ជាឱកាសសម្រាប់បង្កើតតម្លៃបន្ថែម មិនមែនជាឧបសគ្គឡើយ ហើយជាក់ស្តែង រដូវកាលនេះបានបង្ហាញភាពស្រស់បំព្រងនៃធម្មជាតិ បរិយាកាសត្រជាក់ស្រួល និងទេសភាពពណ៌បៃតងដ៏ទាក់ទាញ។

លោកបានបន្តថាសម្រាប់ខេត្តសៀមរាបដែលជាបេះដូងនៃទេសចរណ៍វប្បធម៌ និងបេតិកភណ្ឌពិភពលោក ការអភិវឌ្ឍទេសចរណ៍ក្នុងរដូវកាលបៃតង បានបន្ថែមតម្លៃថ្មីដល់គោលដៅទេសចរណ៍របស់យើង តាមរយៈប្រាសាទបុរាណ ទេសភាពធម្មជាតិ សហគមន៍ទេសចរណ៍ និងជីវភាពប្រជាពលរដ្ឋប្រចាំថ្ងៃ ដែលសុទ្ធសឹងជាបទពិសោធន៍ពិត និងមានអត្ថន័យ។ ការអភិវឌ្ឍនេះ គឺស្របតាមទិសដៅរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់ ដោយធានាតុល្យភាពរវាងការអភិរក្សបេតិកភណ្ឌ ការការពារបរិស្ថាន និងការលើកកម្ពស់ជីវភាពប្រជាសហគមន៍៕

ដោយ៖ ឃុត សៅ





