ក្រុមការពារជើងឯក ភ្នំពេញក្រោន ជាក្រុមមិនស្គាល់ចាញ់ មិនដែលស្មើក្នុង៨ប្រកួត លីគនារីកម្ពុជា ២០២៦
AKP ភ្នំពេញ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦--ក្រុមនារីភ្នំពេញក្រោន ដែលជាក្រុមការពារម្ចាស់ជើងឯករដូវកាលមុន ជាក្រុម១ដែលរក្សាកំណត់ត្រាបានល្អបំផុត ក្នុងចំណោម៨ក្រុមនៃក្របខ័ណ្ឌខេមបូឌានលីគនារីកម្ពុជា រដូវកាល ២០២៦នេះ ដោយឆ្លងកាត់៨ប្រកួត មិនដែលស្គាល់ចាញ់ ហើយក៏មិនដែលស្មើឡើយ។

យោងតាម ខេមបូឌានលីគនារី (Cambodian Women's League) ឆ្នាំ២០២៦ក្រោមការរៀបចំរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានឱ្យដឹងថា ក្រុមនារីភ្នំពេញក្រោន ដែលឈ្នះទាំង៨ប្រកួតនេះទទួលបាន២៤ពិន្ទុ ឈរលើកំពូលតារាង ក្នុងចំណោម៨ក្រុមចូលរួម ដោយ៨ប្រកួតនេះរកបានគ្រាប់បាល់ ៦៦គ្រាប់ របូតវិញ២គ្រាប់ នៅសល់គ្រាប់បាល់ចំណេញ ២១គ្រាប់។ នៅក្នុងការប្រកួតសប្តាហ៍ទី៩ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ ភ្នំពេញក្រោនរកបាន៣ពិន្ទុ ដោយបានយកឈ្នះក្រុមម្ចាស់ផ្ទះ អិកស៍អូយូណាយធីត ដោយលទ្ធផល ៧-០។

សម្រាប់៣ប្រកួតផ្សេងទៀត កាលពីថ្ងៃ២០ និងថ្ងៃទី២១ ខែមិថុនានេះ រួមមាន៖ ក្រុមមន្ទីរអប់រំខេត្តកំពង់ឆ្នាំងបានចាញ់ ក្រុមសៀមរាប ០-៧, វិសាខា បានយកឈ្នះ បឹងកេត ៣-២ ខណៈ ណាហ្គាវើលដ៍ បានប្រកួតចាញ់ក្រុម ព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ៣-៥។

ចំពោះ៣ចំណាត់ថ្នាក់ទៀត ពីលេខ២ដល់លេខ៤ បន្ទាប់ពីបានឆ្លងកាត់៨ប្រកួតដូចៗគ្នា រួមមាន៖ ក្រុមវិសាខា ឈរលេខ២ មាន២០ពិន្ទុ ក្រោយឈ្នះ៦ប្រកួត និងស្មើ២ប្រកួត, ក្រុមសៀមរាប ឈរលេខ៣ មាន១៧ពិន្ទុ ក្រោយឈ្នះ ៥ប្រកួត ស្មើ៣ប្រកួត និងចាញ់១ប្រកួត ខណៈក្រុមព្រះខ័នរាជស្វាយរៀង ឈរលេខ៤ មាន១៥ពិន្ទុ ក្រោយឆ្ងងកាត់៨ប្រកួត ឈ្នះ៥ និងចាញ់៣ប្រកួត៕

ដោយ ហេង ណាលីន (រូបភាព៖ ក្លឹបនារីភ្នំពេញក្រោន)





