កិច្ចប្រជុំ ស្ដីពីការកែសម្រួលសមាសភាពក្រុមការងារគណបក្សប្រជាជនកម្ពុជា និងចាត់តាំងក្រុមការងារចុះមូលដ្ឋានភូមិទួលគ្រើលឃុំទួលគ្រើល
AKP កំពង់ធំ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ --
លោក ទុយ សុធារិទ្ធ អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក និងជាអនុប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំទួលគ្រើល តំណាងឯកឧត្តមបណ្ឌិត ហេង សំណាង ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំទួលគ្រើល បានដឹកនាំកិច្ចប្រជុំ ស្ដីពីការកែសម្រួលសមាសភាពក្រុមការងារគណបក្សប្រជាជនកម្ពុជា និងចាត់តាំងក្រុមការងារចុះមូលដ្ឋានភូមិទួលគ្រើល ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ នេះ ដោយមានការអញ្ជើញចូលរួមពីលោកស្រី ស៊ិន ស៊ីផាន សមាជិកក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកប្រាសាទបល្ល័ង្ក ជាអនុប្រធានក្រុមការងារចុះជួយឃុំទួលគ្រើល និងជាប្រធានក្រុមការងារចុះមូលដ្ឋានភូមិម្រាក (ក) លោក ព្រាប ហាវ ប្រធានគណបក្សប្រជាជនកម្ពុជាឃុំទួលគ្រើល និងសមាជិក សមាជិកាជាង ១០០នាក់។

លោក ព្រាប ហាវ ប្រធានគណបក្សប្រជាជនកម្ពុជាឃុំទួលគ្រើល បានបញ្ជាក់ថា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ និងភូមិនីមួយៗត្រូវប្រជុំជីវភាពប្រចាំខែ និងប្រជុំតាមការចាំបាច់នានារបស់គណបក្ស ដើម្បីត្រួតពិនិត្យ ពិភាក្សា បូកសរុបវឌ្ឍនភាពការងារគណបក្ស ដាក់ផែនការទិសដៅបន្ត ដោះស្រាយបញ្ហាប្រឈម និងសំណូមពរនានារបស់ប្រជាពលរដ្ឋ ដោយក្តាប់ឱ្យបាននូវសំណូមពរ និងសតិអារម្មណ៍ ដើម្បីវិភាគចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងកាលានុវត្តភាពរបស់គណបក្ស ដើម្បីកសាងនូវយន្តការដោះស្រាយសមស្របមួយសំដៅអនុវត្តឱ្យបានជោគជ័យនូវកម្មវិធីនយោបាយ និងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។ ហើយក្រុមការងារគណបក្សចុះមូលដ្ឋានគ្រប់ថ្នាក់ខិតខំស្រាវជ្រាវសភាពការណ៍ សតិអារម្មណ៍ក្នុងស្រទាប់យុវជន ស្ត្រី កម្មករ និយោជិត និងគ្រប់មជ្ឈដ្ឋានមហាជន។ តាមដានពិនិត្យ វាយតម្លៃការអនុវត្តតួនាទីភារកិច្ច ការធ្វើអំពើល្អរបស់មន្ត្រីគណបក្ស សំដៅកែលម្អឱ្យបានទាន់ពេលវេលាស្របតាមមាគ៌ានយោបាយរបស់គណបក្សប្រជាជនកម្ពុជា។

ក្នុងឱកាសនោះ លោក ទុយ សុធារិទ្ធ បានលើកទឹកចិត្តដល់ប្រធានគណបក្ស និងសមាជិក សមាជិកាត្រូវ តាមដានឈ្វេងយល់ វិភាគសភាពការណ៍នយោបាយរបស់ពួកអមិត្ត និងតាមមជ្ឈដ្ឋាននានា ដើម្បីរៀបចំវិធានការទប់ស្កាត់ ព្រមទាំងផ្តល់គោលការណ៍វាយបកទាន់ពេលវេលាតាមគ្រប់មធ្យោបាយ។ សហការណ៍ គាំទ្រ គៀងគរប្រភពធនធានស្របច្បាប់នានា ដើម្បីធានាលើការងារគណបក្ស និងការកសាងសមិទ្ធិផលថ្មីៗជូនគណបក្សប្រជាជនកម្ពុជា បំពេញការងារផ្សេងៗតាមការចាំបាច់ដែលគណបក្សថ្នាក់លើប្រគល់ជូន។ ក្រុមការងារមានសិទ្ធិចាត់ចែង និងចាត់តាំងមន្ត្រីគណបក្សក្រោមឱវាទបន្ថែមដើម្បីចុះមូលដ្ឋានដែលខ្លួនទទួលខុសត្រូវបានសមស្រប ដើម្បីបំពេញការងារផ្សេងៗតាមការងារចាំបាច់។ ប្រសិនបើបងប្អូនមានអត្តសញ្ញាណប័ណ្ណផុតសុពលភាព ខុសអក្ខរាវិរុទ្ធ ឬក៏បាត់បង់ សូមអញ្ជើញទៅធ្វើអត្តសញ្ញាណប័ណ្ណជាបន្ទាន់ ដើម្បីត្រៀមក្នុងការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំឃុំ/សង្កាត់នាពេលខាងមុខ។

លោក ទុយ សុធារិទ្ធ អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក និងជាអនុប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំទួលគ្រើល បានផ្ដាំផ្ញើដល់សមាជិក សមាជិកា ត្រូវមានឆន្ទៈបម្រើគណបក្សប្រជាជនកម្ពុជា មានចិត្តស្មោះត្រង់ និងការតាំងចិត្តក្នុងការបម្រើ ឬគាំទ្រដល់គណបក្សប្រជាជនកម្ពុជា។ បង្ហាញពីការលើកទឹកចិត្តឱ្យសមាជិក ឬអ្នកគាំទ្រ មានការប្តេជ្ញាចិត្ត ខិតខំប្រឹងប្រែង និងដាក់អាទិភាពលើផលប្រយោជន៍របស់គណបក្សក្នុងការងារនានា។ ត្រូវមានភាពស្មោះត្រង់នៅក្នុងគណបក្សប្រជាជនកម្ពុជា សមាជិក ឬអ្នកដែលពាក់ព័ន្ធ ត្រូវមានចិត្តស្មោះត្រង់ មិនបន្លំ មិនក្បត់ និងគោរពតាមគោលការណ៍របស់គណបក្សប្រជាជនកម្ពុជា។ មានសាមគ្គីភាពផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា សមាជិកទាំងអស់ត្រូវរួបរួមគ្នា មានការយោគយល់គ្នា និងធ្វើការជាអង្គភាពតែមួយ ដើម្បី គាំទ្រ និងអភិវឌ្ឍគណបក្សប្រជាជនកម្ពុជា៕
ដោយ៖ ស៊ុម វណ្ណា





