កសិករ វ៉ា ឈាន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្បែរខាងរបស់លោកចូលរួមដាំបន្លែសុវត្ថិភាពឱ្យបានច្រើនគ្នា ព្រោះវាមានទីផ្សារល្អ
AKP ភ្នំពេញ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦–
លោក វ៉ា ឈាន រស់នៅភូមិចំបក់ពាម សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ជាកសិករដាំបន្លែសុវត្ថិភាពលក់ទៅសហគមន៍ផ្គត់ផ្គង់កសិផលស្វាយរៀង ហៅកាត់ថា (សាក់) បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្បែរខាងរបស់លោកចូលរួមដាំបន្លែសុវត្ថិភាពឱ្យបានច្រើនគ្នា ព្រោះវាមានទីផ្សារល្អផង ហើយបន្លែប្រភេទនេះក៏បានជួយទៅដល់សុខភាពអ្នកទទួលទានផងដែរ។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងឱកាសនៃការចុះទស្សនកិច្ចអំពីដំណើរការផលិតប្រកបដោយសុវត្ថិភាពទៅកាន់អ្នកប្រើប្រាស់ ក្រោមការរៀបចំឡើងដោយបណ្តាញកសិអេកូឡូស៊ី ហៅកាត់ បណ្តាញ ALISEA សម្រាប់កម្មវិធីទិវាជំនួបអ្នកប្រើប្រាស់ ក្រោមប្រធានបទ៖ «ពង្រឹងការយល់ដឹងរបស់អ្នកប្រើប្រាស់អំពីកសិផលសុវត្ថិភាពដែលផលិតតាមការអនុវត្តកសិអេកូឡូស៊ី នៅសួនទន្លេវ៉ៃគោ ទីរួមខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ លោក វ៉ា ឈាន បានអះអាងថា បន្លែសុវត្ថិភាព ដែលជាបន្លែគ្មានជាតិគីមីពេលដាំបានគឺមិនខ្វះទីផ្សារឡើយ តួយ៉ាងបន្លែដែលលោកដាំបាន តាមរយៈសហគមន៍ផ្គត់ផ្គង់កសិផលស្វាយរៀង ហៅកាត់ថា (សាក់) គឺបាននាំយកទៅលក់នៅផ្សារទំនើបអ៊ីអនទាំង៣ទីតាំង នៅរាជធានីភ្នំពេញ រួមទាំងនៅសាខារបស់ផ្សារទំនើបអ៊ីអនផងដែរ និងមួយចំនួនបានដាក់លក់នៅផ្សារក្នុងក្រុងស្វាយរៀង។

លោក វ៉ា ឈាន បានឱ្យដឹងថា បច្ចុប្បន្នលោកមានដាំស្ពៃ ម្រះ ត្រសក់ ជី ស្លឹកគ្រៃ។ល។ ដែលសុទ្ធសឹងតែជាបន្លែដែលមានសុវត្ថិភាព គ្មានជាតិគីមី ដែលប៉ះពាល់ដល់សុខភាពអ្នកទទួលទានឡើយ។ ដូច្នេះហើយទើបអាចឈានជើងចូលទីផ្សារអ៊ីអន ដែលជាទីផ្សារមានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងបាន។ លោកថា ដើម្បីអាចលក់បន្លែទៅផ្សារអ៊ីអនបាន ទាល់តែយើងរៀនបច្ចេកទេសដាំតាមការណែនាំរបស់ទីផ្សារ ដោយមិនត្រូវប្រើថ្នាំគីមីពុល គឺប្រើតែថ្នាំបែបធម្មជាតិ ដែលផ្សំពីស្លឹកឈើ ដើម្បីកម្ចាត់សត្វចង្រៃឱ្យវាចេញពីដំណាំទៅបានហើយ ដោយការប្រើថ្នាំបែបធម្មជាតិនេះវាអត់មានប៉ះពាល់សុខភាពដល់អ្នកទទួលទានទេ។
កសិកររូបនេះបានឱ្យដឹងថា លោកបានចាប់យកមុខរបរដាំដុះបន្លែសុវត្ថិភាពនេះតាំងពីឆ្នាំ២០១០មក និងបានចូលជាសមាជិកសហគមន៍ក្នុងឆ្នាំ២០១១ ដែលធ្វើឱ្យលោកបានក្លាយជាអ្នកផ្គត់ផ្គង់បន្លែទៅផ្សារអ៊ីអនមួយរូបតាំងពីពេលនោះមក តាមរយៈសហគមន៍ផ្គត់ផ្គង់កសិផលស្វាយរៀង ហៅកាត់ថា (សាក់)។ លោកបានបន្ថែមថា ដោយសារមុខរបរដាំដុះបន្លែសុវត្ថិភាពជាច្រើនឆ្នាំមកនេះ បានធ្វើឱ្យជីវភាពគ្រួសាររបស់លោកមានការប្រែប្រួលមួយកម្រិត ផ្លាស់ប្តូរពីផ្ទះតូចទៅជាផ្ទះធំយ៉ាងសមរម្យ ព្រមទាំងអាចកសាងរោងសម្រាប់ដាំបន្លែសុវត្ថិភាពនេះអស់ជាង ១ម៉ឺនដុល្លារអាម៉េរិកទៀតផង។

សូមជម្រាបថា បណ្តាញកសិអេកូឡូស៊ី ហៅកាត់ បណ្តាញ ALISEA បានរៀបចំកម្មវិធីទិវាជំនួបអ្នកប្រើប្រាស់ ក្រោមប្រធានបទ៖ «ពង្រឹងការយល់ដឹងរបស់អ្នកប្រើប្រាស់អំពីកសិផលសុវត្ថិភាព ដែលផលិតតាមការអនុវត្តកសិអេកូឡូស៊ី» រយៈពេល២ថ្ងៃ គឺថ្ងៃទី១៩ និងទី២០ ខែមិថុនា ឆ្នាំ២០២៦ នៅសួនទន្លេវ៉ៃគោ ទីរួមខេត្តស្វាយរៀង។ កម្មវិធីនេះមានរួមបញ្ចូលទាំងពិព័រណ៌ទីផ្សារសម្រាប់ផ្សព្វផ្សាយ និងដាក់តាំងបង្ហាញផលិតផល និងកសិផលសុវត្ថិភាព វេទិកាសិក្សារៀនសូត្រ និងចែករំលែកបទពិសោធន៍ ដើម្បីផ្សព្វផ្សាយចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធ រួមទាំងទស្សនកិច្ចសិក្សានៅទីតាំងផលិតដែលអនុវត្តបានល្អផងដែរ ដោយការផ្តួចផ្តើមនៃកម្មវិធីនេះ មានគោលបំណងផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកផលិត និងអ្នកប្រើប្រាស់ ព្រមទាំងពង្រឹងការយល់ដឹងអំពីភាពខុសគ្នានៃផលិតផល ឬកសិផលសុវត្ថិភាពដែលផលិតតាមការអនុវត្តកសិអេកូឡូស៊ី។ ចំពោះគោលបំណងនៃទិវាជំនួបអ្នកប្រើប្រាស់នេះ រួមមាន លើកកម្ពស់ការយល់ដឹងរបស់សាធារណជនឱ្យស្គាល់ និងយល់ពីប្រភេទផ្សេងៗនៃផលិតផល ឬកសិផលសុវត្ថិភាពដែលផលិតតាមការអនុវត្តកសិអេកូឡូស៊ី ជំរុញការប្រើប្រាស់ និងបង្កើនតម្លៃផលិតផលកសិអេកូឡូស៊ីក្នុងចំណោមអ្នកប្រើប្រាស់ ពង្រឹងទំនាក់ទំនង និងការផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកប្រើប្រាស់ និងអ្នកផលិត និងផ្តល់វេទិកាដល់សមាជិកសម្រាប់បង្ហាញការអនុវត្តល្អៗ និងនវានុវត្តន៍ក្នុងវិស័យកសិអេកូឡូស៊ីជា
ដើម៕
ដោយ៖ ចាន់ សុភឿន





