ឯកឧត្តម លី ធុជ៖ កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុក ចិត្ត បាន
AKP ភ្នំពេញ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦---
តំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯក ឧត្តម លី ធុជ ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិសេដ្ឋកិច្ចសង្គមសម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក (ESCAP) បានចូលរួមវេទិកាកម្ពុជា ក្នុងបរិបទផ្លាស់ប្តូរ៖ ឱកាសថ្មីក្នុងវិស័យសេដ្ឋកិច្ច ឧស្សាហកម្ម និងទីផ្សារមូលធន ដែលរៀបចំឡើងនៅផ្សារមូលបត្រកម្ពុជា ដោយក្រុមហ៊ុនខេមបូឌាស៊ីឃ្យួរឹធី ភីអិលស៊ី សហការជាមួយផ្សារមូលបត្រកម្ពុជា កាលពីរាត្រីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ។

ក្នុងឱកាសនោះ ឯកឧត្តមក៏បានអញ្ជើញជាសាក្សីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងវិស័យឯកជនជាច្រើន សំដៅជំរុញការវិនិយោគ និងពង្រីកការអភិវឌ្ឍទីផ្សារមូលធនកម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងកសាងកម្ពុជាឱ្យក្លាយជាគោលដៅវិនិយោគ ប្រកបដោយស្ថិរភាព តម្លាភាព និងអាចព្យាករបាន ដោយឈរលើមូលដ្ឋាន ទំនុកចិត្តសន្តិភាព និងនីតិរដ្ឋ ។

ឯកឧត្តមបានបន្តថា កម្ពុជាជាប្រទេសដែលគោរព និងការពារសិទ្ធិ ព្រមទាំងផលប្រយោជន៍ស្របច្បាប់របស់វិនិយោគិន និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដោយធានាបាននូវបរិយាកាសអំណោយផលសម្រាប់ការវិនិយោគរយៈពេលវែង។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលតែងតែលើកទឹកចិត្ត និងផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់អ្នកវិនិយោគ ដែលរួមចំណែកក្នុងការបង្កើតការងារ លើកក ម្ពស់ការប្រកួតប្រជែង និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានអះអាងថា កម្ពុជាតែងតែរក្សាពាក្យសន្យា និងការប្តេជ្ញាចិត្តចំពោះវិនិយោគិន ដោយបន្តបើកទ្វារស្វាគមន៍ដៃគូដែលមានចក្ខុវិស័យវែងឆ្ងាយមកចូលរួមក្នុងការកសាងសករាជថ្មីនៃការអភិវឌ្ឍជាតិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ភាពធន់ និងវិបុលភាពរួមសម្រាប់ប្រជាជនកម្ពុជា។
ឯកឧត្តមបានបន្ដថា កម្ពុជាមិនត្រឹមតែស្វាគមន៍ការវិនិយោគក្នុងវិស័យផលិត កម្ម ឧស្សាហកម្ម និងសេវាកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏លើកទឹកចិត្តឱ្យសហគ្រាស និងវិនិយោគិនជាតិ និងអន្តរជាតិ ចូលរួមកាន់តែសកម្មក្នុងទីផ្សារមូលធនកម្ពុជា ដើម្បីរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងការកសាងអនាគតរុងរឿងរបស់ប្រទេសជាតិ ៕
ដោយ៖សួស សំរិត





