ម៉ាឡេស៊ីអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការពហុភាគីរវាងអាស៊ាន-រុស្ស៊ីកាន់តែទូលំទូលាយ
AKP ភ្នំពេញ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ -- នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានអំពាវនាវដល់អាស៊ាន និងរុស្ស៊ី ឱ្យពង្រីកកិច្ចសហប្រតិបត្តិការពហុភាគីក្នុងវិស័យនានា រួមមានវិស័យសន្តិសុខស្បៀងអាហារ ថាមពល ការផលិតទំនើប បច្ចេកវិទ្យាឌីជីថល និងការអប់រំ។
ថ្លែងទៅកាន់វេទិកាធុរកិច្ចអាស៊ាន-រុស្ស៊ី លោក អាន់វ៉ា បានកត់សម្គាល់ថា វិស័យទាំងនេះផ្តល់នូវឱកាសសំខាន់ៗសម្រាប់កិច្ចសហការ ខណៈដែលប្រទេសជាសមាជិកអាស៊ាន និងរុស្ស៊ី ស្វែងរកការធ្វើពិពិធកម្មទីផ្សារ ពង្រឹងភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់ និងស្វែងរកមធ្យោបាយថ្មីៗសម្រាប់កំណើន។ ក្នុងពេលជាមួយគ្នានេះ លោក អាន់វ៉ា ក៏បានសង្កត់ធ្ងន់ផងដែរថា វាមានសារៈសំខាន់ណាស់សម្រាប់ប្រទេសនានាក្នុងការពង្រឹងការតភ្ជាប់ ពង្រឹងទំនុកចិត្ត និងបន្តកិច្ចសហប្រតិបត្តិការជាក់ស្តែង។
អាស៊ានយល់ច្បាស់ពីការពិតនេះ ដោយបានលេចចេញជាតំបន់សេដ្ឋកិច្ចស្វាហាប់បំផុតមួយរបស់ពិភពលោក ជាមួយនឹងវណ្ណៈកណ្តាលដែលកំពុងកើនឡើង សេដ្ឋកិច្ចឌីជីថលដែលកំពុងពង្រីកយ៉ាងឆាប់រហ័ស និងចំនួនប្រជាជនវ័យក្មេង ដែលបន្តជំរុញកំណើន និងនវានុវត្តន៍នៅទូទាំងតំបន់របស់យើង។
ទោះបីជាមានបរិយាកាសសកលលោកមិនប្រាកដប្រជាក៏ដោយ ក៏អាស៊ានបានបង្ហាញពីភាពធន់គួរឱ្យកត់សម្គាល់។ លោកបាននិយាយថា តំបន់នេះបន្តទាក់ទាញការវិនិយោគ ពង្រឹងការធ្វើសមាហរណកម្ម និងពង្រឹងជំហររបស់ខ្លួននៅក្នុងខ្សែសង្វាក់តម្លៃជាសកល។
នៅក្នុងសុន្ទរកថា លោក អាន់វ៉ា បានបញ្ជាក់សារជាថ្មីថា អាស៊ាននៅតែប្តេជ្ញាចិត្តចំពោះភាពបើកចំហ បរិយាបន្ន និងកិច្ចសហប្រតិបត្តិការ ហើយបានសង្កត់ធ្ងន់ថា គោលការណ៍ទាំងនេះបានអនុញ្ញាតឱ្យប្លុកដែលមានប្រជាជនប្រមាណ ៧០០លាននាក់នេះ រក្សាបាននូវស្វ័យភាពជាយុទ្ធសាស្ត្ររបស់ខ្លួន ខណៈដែលពង្រឹងភាពជាមជ្ឈមណ្ឌលរបស់អាស៊ានជាកម្លាំងស្ថិរភាពក្នុងកិច្ចការតំបន់។
លោកបាននិយាយថា សក្តានុពលសម្រាប់ការចូលរួមកាន់តែស៊ីជម្រៅនៅតែមានច្រើន ហើយបានគូសបញ្ជាក់ថា ភាពជាដៃគូអាស៊ាន-រុស្ស៊ី បានវិវត្តន៍ជាលំដាប់ក្នុងរយៈពេលបីទសវត្សរ៍កន្លះកន្លងមកនេះ ដែលគាំទ្រដោយកិច្ចសន្ទនាដ៏មានអត្ថន័យ ការចូលរួមផ្នែកសេដ្ឋកិច្ចកាន់តែកើនឡើង និងការប្តេជ្ញាចិត្តរួមគ្នាចំពោះកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





