ឥណ្ឌូណេស៊ីសាកល្បងឥន្ធនៈជីវសាស្រ្តសម្រាប់រថភ្លើង
AKP ភ្នំពេញ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ -- ក្រុមហ៊ុន PT Kereta Api Indonesia (KAI) ដែលជាប្រតិបត្តិករផ្លូវដែករដ្ឋ កំពុងបន្តការសាកល្បងប្រេងឥន្ធនៈជីវសាស្រ្ត ប្រភេទ B50 សម្រាប់ក្បាលរថភ្លើង និងប្រព័ន្ធម៉ាស៊ីនភ្លើងរថភ្លើង ដើម្បីធានាសុវត្ថិភាពប្រតិបត្តិការ ខណៈដែលគាំទ្រដល់គោលដៅផ្លាស់ប្តូរថាមពល និងកាត់បន្ថយការបំភាយឧស្ម័នកាបូន។
លោកស្រី អេនណេ ភួបា អនុប្រធានផ្នែកទំនាក់ទំនងសាជីវកម្មរបស់ក្រុមហ៊ុន KAI បាននិយាយថា ការផ្លាស់ប្តូរទៅប្រេងឥន្ធនៈជីវសាស្រ្ត B50 នឹងត្រូវបានអនុវត្តជាដំណាក់កាលៗ និងឆ្លងកាត់ដំណើរការសាកល្បងយ៉ាងម៉ត់ចត់ ដើម្បីបំពេញតាមតម្រូវការប្រតិបត្តិការរបស់ឧស្សាហកម្មផ្លូវដែក ដែលទាមទារភាពជឿជាក់ខ្ពស់ និងប្រតិបត្តិការជាបន្តបន្ទាប់។
ក្រុមហ៊ុន KAI សហការជាមួយក្រសួងថាមពល និងធនធានរ៉ែរបស់ប្រទេសឥណ្ឌូណេស៊ី បានចាប់ផ្តើមការសាកល្បងប្រេងឥន្ធនៈជីវសាស្រ្ត B50 កាលពីក្នុងខែមេសា។ កម្មវិធីនេះ បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលត្រួតពិនិត្យ និងវាយតម្លៃ មុនពេលពិចារណាទៅលើការដាក់ពង្រាយទ្រង់ទ្រាយធំណាមួយ។ ការធ្វើតេស្តត្រូវបានធ្វើឡើងលើក្បាលរថភ្លើង CC206 ដែលដឹកជញ្ជូនរថភ្លើង Sembrani និងលើប្រព័ន្ធម៉ាស៊ីនភ្លើងរបស់រថភ្លើង Bogowonto។ លក្ខណៈវិនិច្ឆ័យវាយតម្លៃរួមមាន ការប្រើប្រាស់ប្រេងឥន្ធនៈ ប្រសិទ្ធភាពប្រតិបត្តិការ ការបំភាយឧស្ម័ន និងសមត្ថភាពក្នុងការដំណើរការក្រោមលក្ខខណ្ឌផ្ទុកខ្ពស់។
យោងតាមក្រុមហ៊ុន KAI បានឱ្យដឹងថា ការផ្លាស់ប្តូរពីប្រេងឥន្ធនៈជីវសាស្រ្ត B35 ទៅ B50 គឺជាកម្មវិធីសំខាន់មួយនៅក្នុងយុទ្ធសាស្ត្រកាត់បន្ថយកាបូនឆ្នាំ២០២៥-២០៣០ របស់ខ្លួន។ កម្មវិធីនេះត្រូវបានគេរំពឹងថានឹងកាត់បន្ថយការបំភាយឧស្ម័នកាបូនឌីអុកស៊ីត (CO2e) ប្រមាណជិត ១៣៤.០០០តោន ដែលរួមចំណែកយ៉ាងសំខាន់ដល់គោលដៅកាត់បន្ថយការបំភាយឧស្ម័នសរុបរបស់ក្រុមហ៊ុនជិត ១៦៧.០០០តោន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





