សភាកម្ពុជាត្រៀម ធ្វើជាម្ចាស់ផ្ទះ“វេទិកាសមាជិកសភាតំបន់អាស៊ី-ប៉ាស៊ីហ្វិកស្តីពីសុខភាពសកលលើកទី៩”
AKP ភ្នំពេញ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦--ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខា ធិការរងប្រចាំការរដ្ឋសភា និងជានាយកខុទ្ទកាល័យ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំសហការីជាថ្នាក់ដឹកនាំនៃអគ្គលេ ខាធិការដ្ឋានរដ្ឋសភា ជួបប្រជុំជាមួយលោកស្រីបណ្ឌិត Genevieve House តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់ រួមជាមួយនឹងតំណាងអង្គការ WHO ប្រចាំប្រទេសកម្ពុជា ដើម្បីពិភាក្សាអំពីការត្រៀមរៀបចំ “វេទិកាសមាជិកសភាតំបន់អាស៊ី-ប៉ា ស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩ (9th APPF-GH)” ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅក្នុងអំឡុងខែសីហាខាងមុខ។

ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ បានលើកឡើងថា ជំនួបពិភាក្សានាពេលនេះ គឺដើម្បីពិនិត្យមើលលើលទ្ធផលការងារដែលសម្រេចបាន និងពិភាក្សាដោះស្រាយបញ្ហាដែលនៅសេសសល់មួយចំនួន ដើម្បីធានាថា ការរៀបចំវេទិកាអន្តរជាតិដ៏មានសារៈសំខាន់នាពេលខាងមុខ នឹងប្រព្រឹត្តទៅដោយរលូន ស្របតាមស្តង់ដារ និងទទួលបានជោគ ជ័យ។

នៅក្នុងអង្គប្រជុំ ភាគីរដ្ឋសភាកម្ពុជា និងតំណាងអង្គការ WHO បានផ្លាស់ប្តូរមតិយោបល់ ទៅលើរបៀបវារៈសំខាន់ៗ មួយចំនួនរួមមាន៖ ការពិនិត្យវឌ្ឍនភាពកម្មវិធី៖ ពិនិត្យលើក្របខណ្ឌ និងរចនាសម្ព័ន្ធនៃសម័យប្រជុំនីមួយៗ ដើម្បីធានាថាខ្លឹមសារនៃវេទិកាឆ្លើយតប ទៅនឹងនិន្នាការសុខភាពសកល។
ការផ្ទៀងផ្ទាត់សមាសភាពវាគ្មិន និងអ្នកចូលរួម៖ កំណត់អត្តសញ្ញាណច្បាស់លាស់នូវសមាសភាពអ្នកចូលរួម រួមមាន វាគ្មិនកិត្តិយស ជនបង្គោលធ្វើបទបង្ហាញ អ្នកសម្របសម្រួល និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ។

ការងារភស្តុភារ និងកម្មវិធីទស្សនកិច្ច៖ រៀបចំផែនការភស្តុភារ និងកម្មវិធីទស្សនកិច្ចសិក្សាជាក់ស្តែង ដោយមានការសហការជិតស្និទ្ធពីក្រសួងសុខាភិបាល ដើម្បីបង្ហាញពីវឌ្ឍនភាពវិស័យសុខាភិបាលរបស់កម្ពុជា។

ការដោះស្រាយបញ្ហាប្រឈម និងការផ្សព្វផ្សាយ៖ ពិនិត្យបញ្ហាប្រឈមចំពោះមុខ និងបង្កើនប្រសិទ្ធភាពនៃយុទ្ធនាការផ្សព្វផ្សាយព័ត៌មាន ទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ។
ការត្រៀមលក្ខណៈបច្ចេកទេស៖ ពិនិត្យប្រព័ន្ធបច្ចេកវិទ្យា និងដំណើរការរៀបចំទូទៅ ដើម្បីបង្កលក្ខណៈងាយស្រួលបំផុតដល់គណៈប្រតិភូអន្តរជាតិ។

នៅពេលដែលសភាកម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំ “វេទិកាសមាជិកសភាតំបន់អាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩” នេះ គឺជាការស្តែងឱ្យឃើញពីការទទួលស្គាល់នូវតួនាទីដ៏សកម្មរបស់កម្ពុជានៅលើ ឆាកអន្តរជាតិ ក្នុងការរួមចំណែកលើកកម្ពស់សុខភាពសាធារណៈ សន្តិសុខសុខភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ និងសកលលោក៕
ដោយ៖ ប៊ុនរិទ្ធ , ប្រភព៖រដ្ឋសភា





