រាជរដ្ឋាភិបាល ចុះវាយតម្លៃមណ្ឌលសុវត្ថិភាពបន្ទាយមានជ័យ ដើម្បីលើកកម្ពស់ជីវភាពជនភៀសសឹកជាង ៣.០០០ គ្រួសារ
AKPបន្ទាយមានជ័យថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦– ឯកឧត្តមហ៊ូ សាគុណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានមានប្រសាសន៍សង្កត់ធ្ងន់ថាសុខសុវត្ថិភាព និងជីវភាពរស់នៅរបស់បងប្អូនជនភៀសសឹក គឺជាអាទិភាពចម្បងដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ខ្ពស់បំផុត។
ការថ្លែងយ៉ាងដូច្នេះរបស់ឯកឧត្តមហ៊ូ សាគុណបានធ្វើឡើងនៅក្នុងកិច្ចប្រជុំពិនិត្យ និងវាយតម្លៃឡើងវិញនូវ «មណ្ឌលសុវត្ថិភាពជនភៀសសឹក»កាលពីព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំ «ក» សាលាខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ រួមនិងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត។

កិច្ចប្រជុំនេះមិនត្រឹមតែជាការងាររដ្ឋបាលធម្មតា ប៉ុន្តែគឺជាការបង្ហាញពីការយកចិត្តទុកដាក់ដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះសុខទុក្ខរបស់បងប្អូនជនភៀសសឹកជាង ៣.០០០ គ្រួសារ ដែលកំពុងស្នាក់នៅបណ្ដោះអាសន្នក្នុងភូមិរង់ចាំ ឃុំស្លរក្រាម ស្រុកស្វាយចេក។
ឯកឧត្តម ហ៊ូ សាគុណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជាមិនដែលបោះបង់ចោលប្រជាពលរដ្ឋណាម្នាក់ឡើយ ទោះស្ថិតក្នុងកាលៈទេសៈលំបាកបែបណាក៏ដោយ។ ការចុះត្រួតពិនិត្យ និងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពនេះ គឺដើម្បីធានាថា បងប្អូនដែលកំពុងរស់នៅបណ្ដោះអាសន្ននៅស្រុកស្វាយចេក ទទួលបានការថែទាំត្រឹមត្រូវ មានអនាម័យល្អ និងមានសេវាកម្មមូលដ្ឋានគ្រប់គ្រាន់ ខណៈដែលយើងកំពុងរកដំណោះស្រាយរយៈពេលវែងជូនពួកគាត់។

ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានលើកឡើងពីកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធ ដើម្បីធានាថាការរៀបចំមណ្ឌលសុវត្ថិភាពមានប្រសិទ្ធភាព។ ឯកឧត្តមអភិបាលខេត្តបានថ្លែងថារដ្ឋបាលខេត្តបន្ទាយមានជ័យ មិនត្រឹមតែសម្របសម្រួលទីកន្លែងស្នាក់នៅប៉ុណ្ណោះទេ ប៉ុន្តែយើងបានចុះជាប់ជាមួយបងប្អូនប្រជាពលរដ្ឋទាំងជាង ៣.០០០ គ្រួសារជាប្រចាំ ដើម្បីដឹងពីតម្រូវការជាក់ស្ដែង ទាំងបញ្ហាសុខភាព ការហូបចុក និងសន្តិសុខសណ្ដាប់ធ្នាប់។ ការវាយតម្លៃឡើងវិញនៅពេលនេះ គឺដើម្បីកែលម្អចំណុចខ្វះខាត និងបង្កើនគុណភាពនៃការផ្តល់សេវាជូនបងប្អូនឱ្យកាន់តែល្អប្រសើរឡើង»។

កិច្ចប្រជុំបានផ្តោតលើការពិនិត្យយ៉ាងលម្អិតទៅលើហេដ្ឋារចនាសម្ព័ន្ធក្នុងមណ្ឌលសុវត្ថិភាព ការគ្រប់គ្រងទិន្នន័យប្រជាពលរដ្ឋ និងការធានាឱ្យបាននូវការផ្គត់ផ្គង់អគ្គិសនី និងទឹកស្អាត ដែលជាតម្រូវការចាំបាច់បំផុត។ ថ្នាក់ដឹកនាំទាំងពីរបានផ្តល់អនុសាសន៍ដល់កងកម្លាំងទាំងបី និងមន្ទីរ-អង្គភាពពាក់ព័ន្ធ ឱ្យពង្រឹងកិច្ចសហការ និងការចុះអន្តរាគមន៍ឱ្យបានទាន់ពេលវេលា ប្រសិនបើមានបញ្ហាណាមួយកើតឡើង។

វត្តមានរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងអភិបាលខេត្តបន្ទាយមានជ័យនៅពេលនេះ គឺជាសញ្ញាណដ៏វិជ្ជមានមួយដែលបង្ហាញពីការឆ្លើយតបយ៉ាងសកម្មរបស់រដ្ឋាភិបាល ក្នុងការការពារ និងលើកកម្ពស់សិទ្ធិរស់រានមានជីវិតប្រកបដោយសេចក្តីថ្លៃថ្នូររបស់ជនភៀសសឹក ក្នុងខណៈពេលដែលអាជ្ញាធរគ្រប់លំដាប់ថ្នាក់កំពុងបន្តខិតខំរិះរកមធ្យោបាយ ដើម្បីធានាបាននូវភាពសុខដុមរមនាសម្រាប់ពលរដ្ឋគ្រប់រូបក្នុងតំបន់៕

ដោយ៖ ឈុន សារ៉ាត





