គណៈបញ្ជាការឯកភាពក្រុងសំពៅពូន បង្ក្រាបបទល្មើស Online Scams មួយកន្លែង ឃាត់ខ្លួនជនជាតិវៀតណាម ២១ នាក់
AKP កណ្តាលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២៦–គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងសំពៅពូន ដឹកនាំលោក អេង សុវិចិត្រ អភិបាលក្រុងសំពៅពូន និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង នារសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ បានធ្វើការចុះបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួន១ ទីតាំង ស្ថិតនៅភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន។

ការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ខេត្តកណ្ដាល ក្រោមការបញ្ជារពីឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងមានសមត្ថកិច្ច ពិសេសអាជ្ញាធរក្រុង-ស្រុកទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ដោយចុះធ្វើរដ្ឋបាលចំហរជាប្រចាំ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីធានាបានថា ក្នុងមូលដ្ឋានរបស់ខ្លួនមិនមានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ឡើយ។

ក្នុងប្រតិបត្តិការចុះបង្ក្រាបនេះដែរ បានធ្វើការឃាត់ខ្លួនជនជាតិវៀតណាមចំនួន ២១នាក់ ស្រី០២នាក់ និងដកហូតវត្ថុតាង កុំព្យូទ័រលើតុចំនួន ៤៨គ្រឿង, កុំព្យូទ័រយួរដៃ(Laptop) ០៣គ្រឿង និងទូរស័ព្ទដៃចំនួន ០៩គ្រឿង ដើម្បីកសាងសំណុំរឿង និងចាត់ការតាមនីតិវិធីច្បាប់ ៕

ដោយ៖ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តកណ្តាល)





