ឯកឧត្តម គន់ គីម អញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងសមាជិកនៃសមាគមមិត្តភាពរណសិរ្សភូមិភាគនិរតីកម្ពុជា
AKP ហាណូយថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២៦–នៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហ បណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានបន្តអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងសមាជិកនៃសមាគមមិត្តភាពរណសិរ្សភូមិភាគនិរតីកម្ពុជា។នេះបើតាមការឱ្យដឹងពីសមាគមអតីតយុទ្ធជន នៅថ្ងៃ១៩ ខែមិថុនា ឆ្នាំ២០២៦ ។

នៅក្នុងជំនួបដ៏មានអត្ថន័យនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម បាននាំនូវការសាកសួរសុខទុក្ខ និងមនោសញ្ចេតនានឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធានទី១សមាគម ជូនចំពោះបងប្អូនអតីតកងទ័ពស្ម័គ្រចិត្តវៀតណាមនៃសមាគមមិត្តភាពរណសិរ្សភូមិភាគនិរតីកម្ពុជាទាំងអស់។ នាយឧត្តមសេនីយ៍ បានសម្តែងនូវការកោតសរសើរចំពោះការរួមចំណែករបស់អតីតកងទ័ពស័្មគ្រចិត្តវៀតណាមដែលបានចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុតស៊ូរំដោះប្រទេសជាតិ។

ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់អំពីការពង្រឹងទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងអតីតយុទ្ធជនកម្ពុជា និងវៀតណាម ព្រមទាំងការថែរក្សាប្រវត្តិសាស្ត្រ និងបន្តផ្សព្វផ្សាយអំពីស្មារតីមិត្តភាព និងការជួយគ្នាទៅវិញទៅមករវាងប្រជាជន និងអតីតយុទ្ធជននៃប្រទេសទាំងពីរ៕


ដោយ៖ ណយ នឿន (ប្រភព៖សមាគមអតីតយុទ្ធជន)





