កម្ពុជាជម្រាប កិច្ចប្រជុំលើកទី ៣៦ នៃរដ្ឋភាគី UNCLOS អំពីមូលហេតុ កម្ពុជា ជ្រើសរើស ការផ្សះផ្សារដោយបង្ខំ ក្នុងការដោះស្រាយជម្លោះដែនសមុទ្រ កម្ពុជា-ថៃ
AKP ភ្នំពេញ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦--ថ្លែងក្នុងកិច្ចប្រជុំលើកទី ៣៦ នៃរដ្ឋភាគីនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ឯកឧត្តម កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំ អ.ស.ប.បានសង្កត់ធ្ងន់ថា ដោយសារថៃបានលុបចោលជាឯកតោភាគីនូវអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០១ (MoU 2001) ដែលជាឧបករណ៍គតិយុត្តិទ្វេភាគីតែមួយគត់ប្រើជាមូលដ្ឋាននៃការដោះស្រាយតំបន់ត្រួតស៊ីគ្នាលើព្រំដែនសមុទ្រនៃប្រទេសកម្ពុជា និងប្រទេសថៃ នោះកម្ពុជាមិនមានជម្រើសណា ក្រៅពីចាប់ផ្តើមដំណើរការផ្សះផ្សារដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។

ក្នុងការឆ្លើយតបទៅនឹងការលើកឡើងរបស់តំណាងថៃ ដែលថា កម្ពុជាមិនចាប់យកការចរចាទ្វេភាគី ហើយបែរជាធ្វើអន្តរជាតិវូបនីយកម្មនៃជម្លោះទ្វេភាគី ឯកឧត្តម យោង ចាន់សុភារ តំណាងអចិន្ត្រៃយ៍រងបានលើកឡើងថា ថៃមិនបានធ្វើនូវអ្វី ដូចដែលខ្លួនបានលើកឡើងនោះទេ។ ថៃបានលើកពីលេស រាប់សិប ដើម្បីបដិសេធការស្នើកោះប្រជុំចរចាទ្វេភាគីក្រោមក្របខ័ណ្ឌអនុស្សរណៈនៃការយោគយល់គ្នា។ ផ្ទុយទៅវិញថៃលុបចោលអនុស្សរណៈឆ្នាំ ២០០១ ជា ឯកតោភាគី ហើយថែមទាំងប្រើកម្លាំងទ័ពរំលោភលើដែនអធិបតេយ្យភាពកម្ពុជាតែម្តង។ ឯកឧត្តម យោង ចាន់សុភារ បានបញ្ជាក់បន្ថែមថា ខណៈកម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធីជាមួយប្រទេសជិតខាងទាំងអស់ កម្ពុជាជ្រើសរើស ដំណើរការផ្សះផ្សារដោយបង្ខំនេះគឺដើម្បីធានាការការពារ និងការគោរព អធិបតេយ្យ និងសិទ្ធិដែនសមុទ្ររបស់កម្ពុជា។

កិច្ចប្រជុំខាងលើនេះ បានប្រព្រឹត្តទៅពីថ្ងៃ ១៥ ដល់ ១៨ មិថុនា ឆ្នាំ២០២៦ នៅទីស្នាក់ការអង្គការសហប្រជាជាតិ បុរីញូវយ៉កដោយមានការចូលរួមពី ១៧១ប្រទេស និងអង្គការតំបន់មួយ ដែលជាសមាជិកនៃអនុសញ្ញាស្តីពីច្បាប់សមុទ្រ UNCLOS ។

ក្នុងកិច្ចប្រជុំខាងលើនេះដែរ មានការបោះឆ្នោតជ្រើសរើសសមាជិក តុលាការ (ITLOS) នៅថ្ងៃទី ១៨ មិថុនា ២០២៦ ដែលជាលទ្ធផល ប្រទេសហ្គាណា ទុយនេស៊ី វៀតណាម រុស្ស៊ី ហូឡង់ ឥណ្ឌា និងប្រេស៊ីល ត្រូវបានជាប់ឆ្នោតជាសមាជិក ITLOS ៕
ដោយ៖ គង់ សិរីរ័ត្ន





