អភិបាលនៃគណៈអភិបាលខេត្តតាកែវ នាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន១០៦គ្រួសារនៅស្រុកត្រាំកក់
AKPតាកែវថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦–ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ នាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន១០៦គ្រួសារនៅស្រុកត្រាំកក់។

ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ រួមដំណើរដោយលោក លោកស្រីអនុប្រធាន សមាជិក សមាជិកាគណៈ កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ប្រធាន អនុប្រធាន សមាជិក សមាជិកាអនុសាខាកាកបាទក្រហមកម្ពុជាស្រុកត្រាំកក់ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ចែកជូនដល់គ្រួសារប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន១០៦គ្រួសារនៅស្រុកត្រាំកក់ខេត្តតាកែវ។ដោយកាលពីពេលថ្មីៗកន្លងមក មានខ្យល់កន្ត្រាក់បក់បោកចំលំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ នៅឃុំជាងទងនិងឃុំតាភេម។

បណ្ដាលឱ្យផ្ទះប្រជាពលរដ្ឋនៅឃុំជាងទងចំនួន៦៩គ្រួសារ និងឃុំតាភេមចំនួន៣៧គ្រួសារ មានការខូចខាតផ្ទះសម្បែងយ៉ាងធ្ងន់ធ្ធរ។ក្នុងនោះមានផ្ទះរលំទាំងស្រុងចំនួន0៩គ្រួសារ ចំណែកផ្ទះដទៃទៀតមានផ្ទះខ្លះរលំ ផ្ទះខ្លះរបើកដំបូល និងផ្ទះខ្លះទៀតបាក់សសរជាដើម។ពិធីនេះរៀបចំឡើងនៅក្នុងបរិវេណវត្តអង្គបក្សី ស្ថិតនៅក្នុងភូមិអង្គបក្សីឃុំជាងទងស្រុកត្រាំកក់ខេត្តតាកែវ កាលពីព្រឹកថ្ងៃព្រហស្បតិ៍៤កើតខែបឋមាសាឍឆ្នាំមមីអដ្ឋស័កព.ស២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ប្រធានកិត្តិយសសាខា កាកបាទក្រហមកម្ពុជាខេត្តតាកែវ ជាពិសេសពីសំណាក់ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែយកចិត្តទុកដាក់ និងគិតគូរខ្ពស់ពីសុខទុក្ខ ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ នៅគ្រប់ទីកន្លែង ដោយមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ឬសាសនាអ្វីឡើយ ស្របតាមទិសស្លោក "ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា"។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឱ្យរួមគ្នាដាំដើមឈើនៅជុំវិញផ្ទះឱ្យបានច្រើន ដើម្បីជួយទប់ទល់និងកាត់បន្ថយឥទ្ធិពលនៃគ្រោះធម្មជាតិ និងត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច នៅពេលមានភ្លៀង ផ្គរ រន្ទះ ឬខ្យល់កន្ត្រាក់ម្តងៗ។ដោយឡែកអាជ្ញាធរមូលដ្ឋានត្រូវដៅរកទីទួលសុវត្ថិភាព ដើម្បីត្រៀមលក្ខណៈជម្លៀសប្រជាពលរដ្ឋពេលមានគ្រោះអាសន្ន ក៏ដូចជាត្រៀមកម្លាំង និងមធ្យោបាយគ្រប់គ្រាន់ ដើម្បីជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

អំណោយដែលបានចែកជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះ ទាំង១០៦គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន៖អង្ករ ២៥គីឡូក្រាម មី0១កេស ត្រីខ0១យួរ ប្រេងឆា0១លីត្រ ទឹកត្រី0៣ដប ទឹកស៊ីអ៊ីវ0៣ដប នំកញ្ចប់ធំ0១កញ្ចប់ ភួយ0១ កន្ទេល0១ សារុង0១ ក្រមា0១ព្រមទាំងថវិកាចំនួន២ម៉ឺនរៀល។
ដោយឡែកសម្រាប់គ្រួសារដែលរងគ្រោះរលំផ្ទះទាំងស្រុងចំនួន0៩គ្រួសារ គឺទទួលបានការបន្ថែមជូននូវតង់ធំចំនួន0១និងថវិកាចំនួន២0ម៉ឺនរៀល បន្ថែមពីលើអំណោយខាងលើផងដែរ៕
ដោយ៖ តាកែវ អ៊ុច សៀង





