រដ្ឋមន្រ្តីក្រសួងទេសចរណ៍៖ព្រឹត្តិការណ៍ទិវាយោគៈអន្តរជាតិបានចូលរួមលើកកម្ពស់សុខភាពផ្លូវកាយផ្លូវចិត្តនិងក៏បានជួយជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាឱ្យកាន់តែទូលំទូលាយទៅកាន់ទីផ្សារឥណ្ឌា
AKPសៀមរាបថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២៦–ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងនៅក្នុងពិធីបើកទិវាយោគៈ អន្តរជាតិលើកទី១២ នៅសួនច្បារមុខព្រះរាជដំណាក់ ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះថា ព្រឹត្តិការណ៍នេះ បានចូលរួមលើកកម្ពស់សុខភាពផ្លូវកាយផង ផ្លូវចិត្តផង និងក៏បានជួយជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ឱ្យកាន់តែទូលំទូលាយទៅកាន់ទីផ្សារឥណ្ឌា ស្របពេលដែលឆ្នាំ២០២៦ ត្រូវបានបន្តជា «ឆ្នាំទេសចរណ៍កម្ពុជា ឥណ្ឌា»។

លើសពីនេះទៀត អ្វីដែលពិសេសសម្រាប់ព្រឹត្តិការណ៍នេះ គឺត្រូវបានរៀបចំបាននៅក្នុងអំឡុងពេលដែលក្រសួងទេសចរណ៍ បានដាក់ចេញនូវយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង ចាប់ពីខែឧសភា ដល់ខែតុលា នៅពេលដែលកម្ពុជា បញ្ចេញនូវសម្រស់ពិតប្រាកដរបស់ខ្លួន ជាមួយនឹងភាពស្រស់បំព្រងនៃធម្មជាតិ ពណ៌បៃតងខ្ចី និងបរិយាកាសបរិសុទ្ធ ដែលស័ក្តិសមបំផុតសម្រាប់ទេសចរណ៍បែបធម្មជាតិ អេកូទេសចរណ៍ និងការលំហែកាយដើម្បីសុខុមាលភាព។

ឯកឧត្តមរដ្ឋបានបន្តថា កម្ពុជា-ឥណ្ឌា បានរៀបចំព្រឹត្តិការណ៍ជាច្រើនរួមគ្នាកន្លងមក និងទៅអនាគត ដើម្បីជាការផ្សព្វ ផ្សាយរួមគ្នានឹងក្លាយជាកាតាលីករដ៏សំខាន់ក្នុងការជំរុញទំនាក់ទំនង និងការតភ្ជាប់វិស័យ ទេសចរណ៍ ក៏ដូចជាទំនាក់ទំនង និងបេះដូងរវាងប្រជាជន នៃប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌា ដែលនឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការសម្រេចបាននូវការកសាងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនាពេលអនាគត។

ឯកឧត្តម វ៉ាន់ឡាល់វ៉ាវណា បាវីតឡុង (Vanlalvawna Bawitlung) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ប្រធានបទនៃទិវាយោកៈអន្តរជាតិលើកទី១២នេះ គឺ«យោគៈដើម្បីសុខ ភាពមនុស្ស» ដែលបានឆ្លុះបញ្ចាំងពីការទទួលស្គាល់ កាន់តែទូលំទូលាយនៅទូទាំងសកលលោកចំពោះយោគៈក្នុងនាមជាវិធីសាស្ត្របែបអភិក្រមរួមមួយ ដើម្បីលើកកម្ពស់សុខុមាលភាពទាំងផ្លូវកាយ ផ្លូវចិត្ត និងផ្លូវអារម្មណ៍។

យោគមានប្រភពដើមមកពីប្រទេសឥណ្ឌាបុរាណ។ ឆ្លងកាត់ជាច្រើនសតវត្សរ៍មកនេះ យោគៈបានរីកសាយភាយលើពិភពលោក គួរឱ្យទុកចិត្តមួយ ឆ្ពោះទៅរកការរស់នៅប្រកបដោយសុខភាពល្អ និងបច្ចុប្បន្ននេះ ត្រូវបានប្រជាពលរដ្ឋនៅគ្រប់ទ្វីបទាំងអស់ទទួលយក និងអនុវត្តសកម្មភាពរស់រវើក។ គឺដោយសារតែការទទួលស្គាល់នូវតម្លៃទាំងនេះហើយ ទើបវិស័យយោគៈទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ពីបណ្តាប្រទេសចំនួន ១៧៧ នៅពេលដែលមហាសន្និបាតអង្គការសហប្រជាជាតិ បានសម្រេចអនុម័តយកថ្ងៃទី២១ ខែមិថុនា ធ្វើជាទិវាយោគៈអន្តរជាតិ កាលពីខែធ្នូ ឆ្នាំ២០១៤៕
ដោយ៖ ឃុត សៅ





