ភេខ្លួនរលោងបីក្បាលដែលមជ្ឈមណ្ឌល ACCB បានជួយសង្គ្រោះនោះ កំពុងបង្ហាញនូវភាពសប្បាយរីករាយជាមួយក្បូនអណ្តែតទឹកថ្មី
AKP ភ្នំពេញ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦--ភេខ្លួនរលោងបីក្បាលដែលមជ្ឈមណ្ឌល ACCB ជួយសង្គ្រោះនោះ បានបង្ហាញនូវភាពសប្បាយរីករាយជាមួយក្បូនអណ្តែតទឹកថ្មីដែលត្រូវបានធ្វើឡើងដោយក្តីស្រឡាញ់ពីអ្នកថែទាំពួកវា។ នេះបើតាមការឱ្យដឹងពីមជ្ឈមណ្ឌល ACCB នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ។

ភេខ្លួនរលោងគឺជាសត្វដែលមានប្រាជ្ញាឈ្លាសវៃណាស់ ហើយត្រូវការធ្វើលំហាត់សម្បទារយ៉ាងច្រើន ដើម្បីឱ្យពួកវាមានភាពស្វាហាប់ និងមានសុខភាពល្អ។ មជ្ឈមណ្ឌល ACCB បានផ្តល់នូវលំហាត់សម្បទារឱ្យក្រុមភេទាំងនោះជាប្រចាំ ដែលរួមមានការលាក់អាហាររបស់ពួកវាតាមវិធីផ្សេងៗ និងការផ្លាស់ប្តូរនានានៅក្នុងទីជម្រករបស់ពួកវា។ នៅទូទាំងអាស៊ីអាគ្នេយ៍ ភេខ្លួនរលោងបានទទួលរងការគំរាមកំហែងយ៉ាងខ្លាំង ដោយសារតែតម្រូវការទីផ្សារជួញដូរធ្វើជាសត្វចិញ្ចឹម ដែលជារឿយៗបណ្តាលឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ។ ភេមិនមែនជាសត្វចិញ្ចឹមដែលស័ក្តិសមទេ ព្រោះថា ពួកវារពិសខ្លាំង លេងច្រើន ហើយត្រូវការគ្រួសារភេដទៃទៀតដើម្បីប្រាស្រ័យទាក់ទងគ្នា ពួកវាមានធ្មេញមុតស្រួច អាចខាំ ហើយពួកវាត្រូវការការថែទាំច្រើន ដោយត្រូវការអាហារ និងលំហាត់សម្បទារជាច្រើនទៀត។

គួរឱ្យសោកស្តាយ ភេដែលត្រូវបានលួចចាប់ពីព្រៃធម្មជាតិ ជារឿយៗត្រូវបានគេដកធ្មេញចេញដោយបង្ខំ ដើម្បីការពារការខាំមនុស្សដែលនៅជុំវិញ ដែលធ្វើឱ្យ ពួកវាមិនអាចត្រូវបានលែងឱ្យទៅក្នុងជម្រកធម្មជាតិវិញបានឡើយ ទោះបីជាបន្ទាប់ពីការស្តារនិតិសម្បទារឡើងវិញក៏ដោយ។ ក្រុមសត្វរបស់ពួកយើងទាំងអស់ ត្រូវបានជួយសង្គ្រោះពីការជួញដូរសត្វខុសច្បាប់ ហើយពួកវានឹងចំណាយពេលវេលាដែលនៅសល់នៃជីវិតរបស់ពួកវាក្នុងការរីករាយនៅក្នុងមជ្ឈមណ្ឌលអភិរក្សរបស់ពួកយើង៕

ដោយ ណយ នឿន (ប្រភព៖ACCB)





