រដ្ឋបាលខេត្តកែបរៀបចំពិធីចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ
AKP កែប ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦--ក្រោមការដឹកនាំរបស់ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណ:អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត រួមជាមួយគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា និងអនុសាខា ក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្តកងកម្លាំង កាលពីរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ បានរៀបចំពិធីចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា គម្រប់ខួប ៩០ព្រះវស្សា យាងចូល៩១ព្រះវស្សា នៅសាលប្រជុំធំសេះស សាលាខេត្តកែប។

នៅក្នុងឱកាសដ៏វិសេសវិសាលនេះផងដែរ ឯកឧត្តមបណ្ឌិតប្រធានក៏បានអានសារលិខិតថ្វាយព្រះពរក្នុងអត្ថន័យ យើងខ្ញុំ ទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនៈត្រ័យបារមីថែរក្សាព្រះមហាស្វេតឆ័ត្រ វត្ថុសក្តិសិទ្ធក្នុងលោកទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ពិសេសទេវតាឆ្នាំថ្មី សូមជួយបីបាច់ថែរក្សា សម្តេចព្រះមហាក្សត្រីនរោត្តម មុនីនាថ សីហនុព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ សូមព្រះអង្គមានព្រះបរមសុខគ្រប់ប្រការដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្រ្ត ជាកូនចៅ ចៅទួតរបស់ព្រះអង្គ សូមព្រះអង្គប្រកបតែនឹងព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ផងដែរថា អង្គពិធីទាំងមូលក៏បាននិមន្ត និងអញ្ជើញចូលរួមសរុបប្រមាណ ៤០០ អង្គ/នាក់ ហើយក៏បាននិមន្ត ព្រះសង្ឃចំនួន៩អង្គសូត្រមន្តជ័យន្តោថ្វាយព្រះពរ ផងដែរ៕



ដោយ AKP





