ឯកឧត្តម ប៉ុន សុខ៖ កម្ពុជាគ្រោងបញ្ជូនប្រតិភូកីឡាជិត ១០០ នាក់ចូលរួម AUG ឆ្នាំ២០២៦ នៅម៉ាឡេស៊ី និងបន្តវេនធ្វើម្ចាស់ផ្ទះ ២០២៨
AKP ភ្នំពេញ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦--ឯកឧត្តម ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងអគ្គលេខាធិការ សហព័ន្ធកីឡាសិស្សនិស្សិតកម្ពុជាបានគូសបញ្ជាក់ថា កម្ពុជាគ្រោងបញ្ជូនប្រតិភូ ក្រុមសិល្បៈ និងក្រុមកីឡាករ-កីឡាការិនីជាសិស្ស-និស្សិតចំនួន ៨ ប្រភេទកីឡាសរុបជិត ១០០ នាក់ចូលរួមការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២២ (The 22 ASEAN University Games) នាខែធ្នូ ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី ខណៈកម្ពុជាត្រៀមបញ្ជូនក្រុមប្រតិភូ អត្តពលិក សិល្បករ សិល្បការិនីចូលរួមប្រកួត និងសម្តែងបង្ហាញសិល្បៈវប្បធម៌ ក្នុងពិធីទទួលទង់បន្តវេនឆ្ពោះមកធ្វើម្ចាស់ផ្ទះ នៅកម្ពុជា នាឆ្នាំ២០២៨ខាងមុខ។

ឯកឧត្តម ប៉ុន សុខ បានសង្កត់ធ្ងន់ថា ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២២ (The 22 ASEAN University Games) ឆ្នាំ២០២៦ នៅម៉ាឡេស៊ី គ្រោងនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១០-១៩ ខែធ្នូ ឆ្នាំ២០២៦។ បច្ចុប្បន្ន កម្ពុជាកំពុងត្រៀមកីឡាករ-កីឡាការិនី៨ប្រភេទកីឡា ត្រៀមចូលរួមប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី ២២ នៅប្រទេសម៉ាឡេស៊ី ឆ្នាំ២០២៦ រួមមាន៖ ប្រភេទកីឡាអត្តពលកម្ម វាយសី ការ៉ាតេ បញ្ចាស៊ីឡាត់ ប៉េតង់ ហែលទឹក វាយកូនឃ្លីលើតុ និងតេក្វាន់ដូ WT ដោយប្រភេទកីឡាទាំងនេះសុទ្ធសឹងកីឡាមានសក្តានុពល ដែលសហព័ន្ធកីឡាសិស្សនិស្សិតកម្ពុជាសហការជាមួយសហព័ន្ធកីឡាជាតិពាក់ព័ន្ធ។

ឯកឧត្តម ប៉ុន សុខ សង្កត់ធ្ងន់ថា ការចូលរួមប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ីនេះ គឺជាការប្រកួតចុងក្រោយរបស់កម្ពុជា ដោយត្រូវចូលរួមពិធីទទួលទង់បន្តវេនឆ្ពោះមកធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២៣ នាឆ្នាំ២០២៨ខាងមុខ។ «យើងត្រៀមបញ្ជូនប្រតិភូ អត្តពលិក សិល្បករ សិល្បការិនីចូលរួមប្រកួត និងសម្តែងក្នុងពិធីទទួលទង់បន្តវេនពីម្ចាស់ផ្ទះម៉ាឡេស៊ី ឆ្នាំ២០២៦ ឆ្ពោះមកកម្ពុជា នាឆ្នាំ២០២៨ ដោយយើងត្រូវរៀបចំផែនការមេ សម្រាប់ការអនុវត្តសិទ្ធិធ្វើម្ចាស់ផ្ទះបន្តវេន ឆ្នាំ២០២៨តែម្តង។ ដូចកាលពីកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣កន្លងទៅដែរ»។

បន្ថែមពីលើនេះ ឯកឧត្តម ប៉ុន សុខ បញ្ជាក់ទៀតថា យើងទទួលបានគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាលរួចហើយ ដោយឱ្យក្រសួងអប់រំ យុវជន និងកីឡាទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន ដែលមាន១១ប្រទេសចូលរួម។ ជាមួយគ្នានេះ កម្ពុជាក៏បានកំណត់ប្រភេទកីឡាមួយចំនួនចំបាច់ និងសក្តានុពលផងដែរ ដែលកម្ពុជាគ្រោងនឹងត្រៀមប្រភេទកីឡាក្នុងរង្វង់ ១៥ ទៅ ១៨ប្រភេទកីឡា ក្នុងនាមជាម្ចាស់ផ្ទះ នាឆ្នាំ២០២៨៕

ដោយ ហេង ណាលីន





