អំណោយមនុស្សធម៌ពី «ទស្សនៈពិភពលោក»៖ ពាងទឹក និងសូឡា ៤៣០គ្រឿង សម្រាលទុក្ខលំបាកពលរដ្ឋភៀសសឹកនៅខេត្តបន្ទាយមានជ័យ
AKP បន្ទាយមានជ័យ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦--បញ្ហាកង្វះខាតទឹកប្រើប្រាស់ និងភ្លើងបំភ្លឺនៅតំបន់ស្នាក់នៅបណ្ដោះអាសន្ន ត្រូវបានដោះស្រាយមួយជំហានទៀតហើយ ក្រោយពេលដែលអង្គការទស្សនៈពិភពលោក (World Vision) បាននាំយកអំណោយមនុស្សធម៌ជាពាងទឹក និងផ្ទាំងសូឡាជាច្រើនគ្រឿង មកប្រគល់ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅបណ្តោះអាសន្ននៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ។ ពិធីប្រគល់ និងទទួលសម្ភារទាំងនេះ បានប្រព្រឹត្តទៅនារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ក្រោមវត្តមានរបស់លោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។

អំណោយដែលទទួលបានរួមមាន ពាងទឹកចំនួន ៤០០ពាង និងផ្ទាំងសូឡាចំនួន ៣០គ្រឿង ដែលជាការឆ្លើយតបយ៉ាងទាន់ពេលវេលាទៅនឹងតម្រូវការជាក់ស្តែងរបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាកក្នុងការរក្សាទុកទឹកស្អាត និងការខ្វះខាតថាមពលអគ្គិសនីប្រើប្រាស់នៅពេលយប់។
ថ្លែងនៅក្នុងឱកាសនោះ លោក ឃ្លោក នួយ បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គការទស្សនៈពិភពលោក ដែលបានយកចិត្តទុកដាក់ខ្ពស់ ចុះមកជួយសម្រាលបន្ទុកជីវភាពរបស់ប្រជាពលរដ្ឋភៀសសឹកដែលកំពុងស្នាក់នៅក្នុងផ្ទះអតីតយុទ្ធជន។ លោកបានគូសបញ្ជាក់ថា នេះគឺជាកាយវិការមនុស្សធម៌ដ៏ថ្លៃថ្លា ដែលបង្ហាញពីការចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់គុណភាពជីវិត និងសុខុមាលភាពរបស់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក។

ក្នុងនាមអាជ្ញាធរខេត្ត លោក ឃ្លោក នួយ បានឆ្លៀតឱកាសនោះគូសបញ្ជាក់ពីការយកចិត្តទុកដាក់យ៉ាងខ្ជាប់ខ្ជួនពីរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋបាលខេត្តបន្ទាយមានជ័យ និងសប្បុរសជននានា ដែលតែងតែចុះពិនិត្យ និងផ្តល់ការឧបត្ថម្ភគាំទ្រជាប់ជាប្រចាំដល់ពលរដ្ឋនៅតំបន់នេះ។ លោកអភិបាលរងខេត្ត បានសង្កត់ធ្ងន់ថា «យើងមិនដែលទុកឱ្យបងប្អូននៅឯកោឡើយ។ រាជរដ្ឋាភិបាល និងអាជ្ញាធរខេត្ត តែងតែស្ថិតនៅជាមួយបងប្អូនគ្រប់កាលៈទេសៈ ហើយយើងនឹងបន្តស្វែងរកដំណោះស្រាយនានា ដើម្បីឱ្យជីវភាពរស់នៅរបស់បងប្អូនមានភាពប្រសើរឡើងជាលំដាប់ រហូតដល់មានទីលំនៅអចិន្ត្រៃយ៍»។

ការផ្តល់ជូនអំណោយនាពេលនេះ មិនត្រឹមតែជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានបង្កើតនូវភាពកក់ក្តៅផ្នែកផ្លូវចិត្ត និងផ្តល់ក្តីសង្ឃឹមថ្មីជូនដល់គ្រួសារភៀសសឹកទាំងអស់ជាង ៣.០០០គ្រួសារ ដែលកំពុងតស៊ូរស់នៅក្នុងដំណាក់កាលបណ្តោះអាសន្ននេះ៕
ដោយ៖ ឈុន សារ៉ាត





